(កណ្តាល)៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹង មូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល ដើម្បីបូកសរុបលទ្ធផលការងារ គណបក្សប្រចាំត្រីមាសទី៣ ឆ្នាំ ២០១៦ និងដាក់ចេញនូវផែនការការងារ សម្រាប់អនុវត្តបន្តនៅត្រីមាសទី៤។
អង្គប្រជុំបានស្តាប់ និងពិភាក្សាលើរបាយការណ៍ បូកសរុបសភាពការណ៍ទូទៅ នៅក្នុងស្រុកមុខកំពូល និងអំពីសកម្មភាពការងារ ដែលគណៈពង្រឹងស្រុកសម្រេច បានពេលកន្លងមក ពិសេសសកម្មភាពចូលរួមនៅ ក្នុងកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ទាំងផ្នែកពុទ្ធចក្រ ទាំងផ្នែកអាណាចក្រ, ធ្វើសកម្មភាពមនុស្សធម៌និងសង្គមផ្សេងៗ ព្រមទាំងការចូលរួម ដោះស្រាយ បញ្ហាបាតុភាពនានា ដែលកើតឡើងនៅមូលដ្ឋាន ជាពិសេសការបាក់ប្រាំងទន្លេក្នុងពេលថ្មីៗនេះ។
អង្គប្រជុំក៏បានធ្វើការពិភាក្សាផងដែរ អំពីដំណើរការនៃការចុះឈ្មោះបោះឆ្នោត គិតមកត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ និងលទ្ធផលនៃការរៀបចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ សម្រាប់រៀបចំធ្វើសន្និបាត គណបក្សឃុំនាពេលខាងមុខនេះ។
លោក វង្សី វិស្សុត បានធ្វើការជម្រាបជូនមន្រ្តីគណបក្សទាំងអស់ អំពីស្ថានភាពវិវត្តន៍ ខាងនយោបាយនាពេលថ្មីៗនេះ និងបានណែនាំដល់សមាជិក ក្រុមការងារទាំងអស់ ត្រូវផ្តល់កិច្ចសហការជាមួយ រដ្ឋបាលស្រុកនិងឃុំ ក្នុងការគ្រប់គ្រងសភាពការណ៍ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកប្រធានបានណែនាំ ដល់សមាជិក្រុមការងារទាំងអស់ ត្រូវខិតខំចុះមូលដ្ឋាន របស់ខ្លួនឱ្យកាន់តែញឹកញាប់ជាងមុន និងបង្កើនសកម្មភាពឱ្យសកម្មជាងមុន តាមរបៀបភ្លៀងរលឹម ក្នុងការផ្តល់ការគាំទ្រ ទាំងជាស្មារតី និងធនធនដល់មូលដ្ឋាន ក្នុងការបម្រើប្រជាជន ដោយភាពស្មោះត្រង់ និងត្រូវខិខំដោះស្រាយបញ្ហានានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយរួសរាន់ពេលវេលា ដើម្បីចិញ្ចឹមការគាំទ្រ និងចិញ្ចឹមការទាក់ទាញ ពិសេសបន្តលុបបំបាត់ភាពអសកម្មផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
លោក វង្សី វិស្សុត ក៏បានធ្វើការត្រួតពិនិត្យនូវ ការអនុវត្តផែនការសកម្មភាពឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ ជាពិសេសសកម្មភាពស្នូលមួយចំនួន ដូចជា ការធ្វើវេទិការសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ, ការចុះឈ្មោះបោះឆ្នោត, ការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការ៥ឆ្នាំ ក្នុងអាណត្តិទី៣ និងការរៀបចំកម្មវិធីនយោបាយអភិវឌ្ឍឃុំ (២០១៧-២០២២)៕