(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តទាំង៨ ដែលទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងថ្មី។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កាលបរិច្ឆេទនៃការប្រកាសចូលកាន់មុខតំណែងអភិបាលខេត្ត ចំនួន៨រូបនេះ នឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤តទៅ។
ក្នុងនោះរួមមាន៖
*ថ្ងៃទី០១ ខែកក្កដា៖ ព្រឹកនៅខេត្តកណ្ដាល និងពេលរសៀលនៅខេត្តតាកែវ
*ថ្ងៃទី០៣ ខែកក្កដា៖ ព្រឹកនៅកំពង់ស្ពឺ និងរសៀលនៅខេត្តព្រះសីហនុ
*ថ្ងៃទី០៨ ខែកក្កដា៖ ព្រឹកនៅខេត្តកំពង់ធំ និងរសៀលនៅខេត្តឧត្តរមានជ័យ
*ថ្ងៃទី១១ ខែកក្កដា៖ ព្រឹកនៅខេត្តត្បូងឃ្មុំ និងរសៀលនៅខេត្តស្ទឹងត្រែង។
សូមជម្រាបថា យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ អភិបាលខេត្តខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖
១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង។
២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ។
៣៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ។
៤៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ។
៥៖ លោក គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល។
៦៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ។
៧៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ។
៨៖ លោក ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ។
៩៖ លោក ស្វាយ សំអ៊ាង ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តស្ទឹងត្រែង ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
១០៖ លោក អ៊ូច ភា ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តតាកែវ ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
១១៖ លោក គង់ សោភ័ណ ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តកណ្តាល ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
១២៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានផ្ទេរទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕