(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះ ក្រុមហ៊ុនហុង ដា ដែលបានកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតម៉ូតូក្នុងស្រុកជំនួសឱ្យការនាំចូល ការជំរុញនវានុវត្តន៍ ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។
លោក ហែម វណ្ណឌី លើកឡើងបែបនេះ ធ្វើឡើង ក្នុងឱកាសដែលលោកបានបានចុះធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុន ហុងដា បានបង្ហាញទិដ្ឋភាពទូទៅនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន ដោយបង្ហាញដំណើរការផលិត ពីការសង្កត់ពុម្ព និងការផ្សារគ្រឿងបង្គុំ រហូតដល់ការជ្រលក់ថ្នាំ និងផ្គុំដំឡើង។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង)។ ដំណើរទស្សនកិច្ចនេះបានផ្តល់ឱ្យឱកាសដល់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឃើញ និងស្វែងយល់ពីសមត្ថភាពរបស់ក្រុមហ៊ុន ហុងដា ដែលជាតួអង្គសំខាន់មួយក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ព្រមទាំងផ្តល់ឱកាសឱ្យក្រសួងបានធ្វើការជិតស្និទ្ធជាមួយក្រុមហ៊ុនដើម្បីដោះស្រាយរាល់កង្វល់នានា។
ព្រមជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានកោតសរសើរក្រុមហ៊ុន ចំពោះប្រតិបត្តិការផលិត ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ និងបានលើកកម្ពស់ផលិតផល«Made-In-Cambodia» ព្រមទាំងបានរួមចំណែកផលិតធនធានមនុស្សដែលមានបច្ចេកទេស។
បច្ចុប្បន្ន គ្រឿងបង្គុំម៉ូតូហុងដា ឌ្រីម (Honda Dream) ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះគ្រឿងបង្គុំមួយចំនួនក៏ត្រូវបានផលិតនាំចេញទៅប្រទេសជិតខាងផងដែរ។ ការអភិវឌ្ឍនេះបានលើកមុខមាត់ផលិតផលកម្ពុជា និងបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូច និងមធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីសិក្សាសក្តានុពលនៃការផលិតគ្រឿងបង្គុំមួយចំនួន ក្នុងចំណោមគ្រឿងបង្គុំជាង ៥០០ សម្រាប់ម៉ូតូហុងដាមួយគ្រឿង។
បន្ថែមលើការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានរបស់ក្រុមហ៊ុន ហុងដា ជាពិសេសការគ្រប់គ្រងទឹកកខ្វក់ លោកបានជំរុញក្រុមហ៊ុនឱ្យបន្តវិនិយោគលើនវានុវត្តន៍ ដូចជាបច្ចេកវិទ្យារូបូត ដើម្បីជួយកម្លាំងមនុស្ស ព្រមទាំងបន្តអភិវឌ្ឍធនធានមនុស្សក្នុងការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។
ទន្ទឹមគ្នានេះ លោកបានស្នើឱ្យក្រុមហ៊ុន ហុងដា ពិចារណាបើកឱកាសដល់វិចិត្រករខ្មែរអាចរួមចំណែកដល់ការរចនាម៉ូត ក៏ដូចជាការផ្តល់ជម្រើសផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រីកលទ្ធភាពរបស់ប្រជាជនកម្ពុជាក្នុងការទិញម៉ូតូ ហុងដា និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕