(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំពិធី «ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំនាន់ថ្មីជាផ្លូវការ និង ប្រើប្រាស់កម្មវិធីកញ្ចក់ថវិកា តាមទូរសព្ទដៃជំនាន់ទី ១»។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងជាតំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងតំណាងដៃគូអភិវឌ្ឍ សរុបជាង ២០០រូប។

ថ្លែងក្នុងឱកាសនោះ, បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានលើកឡើងថា ការអនុវត្តគម្រោង និងការពង្រីកការប្រើប្រាស់ FMIS ជាជំហានៗ ពីការដ្ឋានថ្នាក់ជាតិបន្តទៅដល់ថ្នាក់ក្រោមជាតិ គឺជាបុរេលក្ខខណ្ឌ និងកត្តាគន្លឹះដែលបាន និងកំពុងចូលរួមចំណែកជួយឱ្យកម្ពុជា ឱ្យមានលទ្ធភាពសម្រេចបានចក្ខុវិស័យកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

បណ្ឌិតសភាចារ្យបានគូសបញ្ជាក់ទៀតថា ការជួបជុំគ្នាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តសកម្មភាពគ្រប់គ្រងការផ្លាស់ប្តូរ ក្នុងគោលដៅជំរុញ និង លើកទឹកចិត្តដល់ក្រុមការងារអនុវត្តគម្រោង FMIS (FIWG) និងមន្ត្រីគ្រប់គ្រងការផ្លាស់ប្តូរ (Change Agent) នៅតាមការដ្ឋាន ឱ្យទទួលបាននូវបច្ចុប្បន្នភាព និង ជ្រាបច្បាស់អំពីសមិទ្ធផលនានា នៃការអនុវត្តគម្រោង FMIS ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងក្រុមការងារ ឱ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត សំដៅធានាការបញ្ជ្រាបការយល់ដឹងដល់អ្នកប្រើប្រាស់ នៅតាមក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ឱ្យបានកាន់តែមានភាពយល់ច្បាស់ ជាពិសេស ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការផ្លាស់ប្តូរ នាពេលខាងមុខ។

សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ២០២៤នេះ, FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗ នៅថ្នាក់កណ្ដាល រួមមានគ្រប់អគ្គនាយកដ្ឋានជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន និងនៅតាមអង្គភាពសំខាន់ៗនៅថ្នាក់មូលដ្ឋាន សរុបជាការដ្ឋានមានចំនួន ២១៣ ការដ្ឋាន និង មានអ្នកប្រើប្រាស់សកម្មសរុបចំនួន ២ ៦៣២នាក់។

ទន្ទឹមនេះ, FMIS Portal ជំនាន់ទី១ ត្រូវបានដាក់ឱ្យប្រើប្រាស់ទៅដល់គ្រប់រដ្ឋបាលក្រុង-ស្រុក និង ឃុំ-សង្កាត់ទូទាំងប្រទេស ដោយមានចំនួន ១ ៨៧០ ការដ្ឋាន និង មានអ្នកប្រើប្រាស់សរុបចំនួន ៣ ៣០០ នាក់ ។

បណ្ឌិតសភាចារ្យ បានរំលេចបន្ថែមថា ដើម្បីជាជំនួយដល់ថ្នាក់ដឹកនាំកំពូលក្នុងការប្រើប្រាស់ទិន្នន័យពី FMIS, ក្រុមការងារ បានអភិវឌ្ឍរួចរាល់នូវ «កម្មវិធីកញ្ចក់ថវិកាតាមទូរសព្ទដៃជំនាន់ទី ១ (Budget Mirror Mobile App Version 1)» ដែលជាតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់របាយការណ៍ ឱ្យកាន់តែមានភាពរហ័ស និង ភាពងាយស្រួល ជូនថ្នាក់ដឹកនាំជាអ្នកប្រើប្រាស់ដែលមានកម្រិតចល័ត (Mobility) ខ្ពស់ ក្នុងការពិនិត្យ និង តាមដានកិច្ចការអភិបាលលើហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជាជំនួយក្នុងការទាញយកព័ត៌មានហិរញ្ញវត្ថុ មកធ្វើការតាមដាន និង ការវិភាគ ក្នុងការសម្រេចចិត្តលើការរៀបចំផែនការថវិកា, ការអនុវត្តថវិកាដើម្បីផ្សារភ្ជាប់ទៅនឹងកម្មវិធី និង គោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែត្រឹមត្រូវ និង មានប្រសិទ្ធភាពខ្ពស់។

បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំរបស់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រួមទាំងតំណាងក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍ ដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ការគាំទ្រ តាំងពីជំហានទី១ រហូតមក។

ជាមួយនេះ, បណ្ឌិតសភាចារ្យ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផល៖
១-ការដាក់ឱ្យប្រើប្រាស់ កម្មវិធីកញ្ចក់ថវិកាតាមទូរសព្ទដៃជំនាន់ទី ១ ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
២-ការដាក់ឱ្យប្រើប្រាស់ FMIS ជំនាន់ថ្មី សម្រាប់គ្រប់ការដ្ឋាន FMIS ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិទាំងអស់ ជាផ្លូវការ និង
៣-ការដាក់ឱ្យដំណើរការគេហទំព័រថ្មីរបស់គម្រោង FMIS ជាផ្លូវការ ដែលមានអាសយដ្ឋាន www.fmis.gov.kh ចាប់ពីពេលនេះតទៅ៕