(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ បានរំលឹកទៅដល់កងទ័ពថា ត្រូវតែស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រទេសជាតិ ហើយត្រូវតែរួមគ្នាកម្ចាត់នូវ សកម្មភាពរបស់ជនទុច្ចរិត ដែលមានមហិច្ឆតាបំផ្លាញជាតិកម្ពុជា។
ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយទាហាន នាយ ទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ១ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាពេលថ្មីៗនេះ។
នៅចំពោះមុខនាយទាហាន នាយទាហានរង និង ពលទាហាន នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាស់ខ្ពស់ ទៅលើសុខទុក្ខនាយទាហាន ពលទាហាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ទៅកាន់កងទ័ពនៅកងពលតូច អន្តរាគមន៍លេខ១ថា សន្តិភាព ដែលកម្ពុជា កំពុងមាននាពេលបច្ចុប្បន្ន បានរកមកដោយលំបាក និងការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត រហូតដល់ការពលីជីវិតថែមទៀតផង ពីថ្នាក់ដឹកនាំប្រទេស អតីតយុទ្ធជន និងអ្នកតស៊ូជំនាន់មុនជាច្រើន។ «ទម្រាំយើងរកបានសន្តិភាព និងសុខក្សេមក្សាន្តបែបនេះ យើងលះបង់អស់ច្រើនណាស់ ទាំងកម្លាំងចិត្ត និងកាយ និងមានពលីជីវិតអស់ជាច្រើនទៀត»។
ដើម្បីរក្សាបាននូវសុខសន្តិភាពនេះ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថា កងទ័ពមានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការការពាររាជរដ្ឋា ភិបាល និងសុខសន្តិភាព ហើយត្រូវរួមគ្នាកម្ចាត់ឲ្យបាននូវ ជនទុច្ចរិតទាំងឡាយ ដែលចង់បំផ្លាញសុខសន្តិភាពសង្គម គ្រប់រូបភាពទាំងអស់៕