(បាងកក-ថៃ)៖ នាយទាហានសេនាធិការជាន់ខ្ពស់ថៃ-កម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី៨ របស់ខ្លួន ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសណ្ឋាគារ The Sukhothai ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

សម្រាប់ភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ Thitichai Tiantong នាយសេនាធិការចម្រុះរបស់កងទ័ពភូមិន្ទថៃ រីឯភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធធលខេមរភូមិន្ទ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា កិច្ចប្រជុំនាយទាហានសេនាធិការជាន់ខ្ពស់ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិន្ទថៃ បានប្រព្រឹត្តទៅចំនួន៨លើករួចមកហើយ ហើយកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរដើម្បីរក្សាសន្តិភាព និងសន្តិសុខរបស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរ ដែលជាប្រទេសភូមិផងរបងជាមួយ និងជាអ្នកជិតខាងល្អ ដោយគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

កិច្ចប្រជុំក៏បានដាក់ចេញនូវខ្លឹមសារជាច្រើនដូចជា៖ កិច្ចសហប្រតិបត្តិការការអប់រំ និងហ្វឹកហ្វឺន, ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសិក្ខាកាមនៃកងទ័ពទាំងពីរ, ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការចារកិច្ចដើម្បីផ្លាស់ប្តូរព័ត៌មានគ្នា, កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនាយទាហានគ្រប់កម្រិតដើម្បីពង្រឹងពង្រីកការទំនាក់ទំនងគ្នា, កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរប្រតិភូដើម្បីដកពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ, កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលផ្នែកកសិកម្ម, កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រភេទទ័ព (ជើងគោក ជើងទឹក ជើងអាកាស) និងពង្រឹងពង្រីកផ្លាស់ប្តូរវប្បធម៌ និងកីឡា រវាងកងទ័ពប្រទេសទាំងពីរ និងការងារកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ជាពិសេសរាល់គ្រោះមហន្តរាយដែលកើតឡើងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕