(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩៖១៥នាទី នៅចំណុចស្តុបឡឺខ្មែរ លើផ្លូវជាតិលេខ៦ ប្រសព្វផ្លូវសុវណ្ណមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បង្កឡើងដោយរថយន្តម៉ាក HYUNDAI ពណ៌ស+ខៀវ ពាក់ផ្លាកលេខសៀមរាប3A-1552 បើកបរក្នុងល្បឿនលឿនទៅបុកពីក្រោយម៉ូតូចំនួន២គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត1U-3794 និងម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2899។ ករណីនេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ សៀង សុវណ្ណតារា ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ លឹម ហ្គេកលាង ភេទស្រី អាយុ៣១ឆ្នាំ រងរបួស ចំណែកឯអ្នករួមដំណើរឈ្មោះ វេង ស្រីស ភេទស្រី អាយុ២០ឆ្នាំ ស្លាប់ នៅកន្លែងកើតហេតុ។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់លើភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឯក ដារ៉ា ភេទប្រុស កើតឆ្នាំ១៩៩៦ ដែលជាអ្នកបើកបររថយន្តម៉ាក HYUNDAI ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស និងបទបើកបរក្រោមឥទ្ធិពល នៃគ្រឿងញៀន» តាមមាត្រា៨៣, មាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៦៣ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕