(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ វីដេអូដែលផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី «សំណង់ជម្រកត្រីសិប្បនិម្មិត» នឹងត្រូវចាក់បញ្ចាំងនៅក្នុងពិធីសម្ពោធមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី១៣ ដែលរៀបចំធ្វើនៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ។

មានរយៈពេល៥នាទី វីដេអូ ស្ដីពី «សំណង់ជម្រកត្រីសិប្បនិម្មិត៖ ក្ដីសង្ឃឹមថ្មីនៃប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជា» នឹងនាំអ្នកទស្សនាទៅកាន់កោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីឈ្វេងយល់អំពីកិច្ចការងារអភិរក្សធនធានជលផលបាតសមុទ្រ អនុវត្តដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC តាមរយៈការទម្លាក់សំណង់ជម្រកត្រីសិប្បនិម្មិតនៅក្នុងតំបន់នេះ។

សូមជម្រាបថា នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាំយកវីដេអូស្ដីពីលទ្ធផលនៃការងាររបស់ខ្លួន ចូលរួមចាក់បញ្ចាំងជូនដល់សាធារណជនទស្សនា។

បន្ថែមពីលើការចាក់បញ្ចាំងនារាត្រីថ្ងៃនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងអញ្ជើញចូលរួមជាអធិបតី បើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ៕