(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលមានការតវ៉ា លើតម្លៃស្រូវធ្លាក់ចុះ សូមរក្សានូវភាពស្ងៀមស្ងាត់ ដោយរង់ចាំនូវដំណោះស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកិច្ចអន្តរាគមន៍បន្ទាន់រួចហើយ ដើម្បីដោះស្រាយនូវ ការធ្លាក់ចុះនៃតម្លៃស្រូវនេះ។
លោក ផៃ ស៉ីផាន បានបញ្ជាក់ថា នៅពេលព្រឹកមិញនេះ មានព្រឹត្តិការណ៍មួយកើតឡើង នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ តវ៉ាអំពីតម្លៃស្រូវធ្លាក់ចុះ។ ព្រឹតិ្តការណ៍នេះ បានស្តែងនូវរលកនៃប្រតិកម្ម ដែលមិនឆ្លើយតបនិងអ្វីដែលជាចំណុច សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងពាក់ព័ន្ធ បានប្រកាសកាលពីថ្ងៃសុក្រ ដែលនឹងទម្លាក់លុយជួយទិញ យកស្រូវពីកសិករផ្ទាល់។ ចំណាត់ការកាលពីចុងសប្តាហ៍នេះ របស់សម្តេចនាយករដ្ឋមន្រ្តី ដែលសម្តេចបានថ្លែងប្រកាសជាសាធារណៈ កាលពីថ្ងៃសុក្ររួចស្រេចមកហើយ នូវកិច្ចអន្តរាគមន៍ជាបន្ទាន់ ចំពោះតម្លៃស្រូវនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានបន្តទៀតថា «ខ្ញុំសូមជម្រាបជូនដល់ មហាជន សូមមេត្តារក្សាភាពស្ងៀមស្ងាត់រង់ចាំ ដំណោះស្រាយនេះ ដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចរួចស្រេចហើយ។ ចំពោះជន ឬក្រុមទុច្ចរិតទាំងឡាយណា ដែលយករបៀបវារៈតម្លៃស្រូវនេះ ជាមធ្យោបាយគៀងគរ ដើម្បីបង្ករភាពចលាចល ប្រឆាំងនឹងសណ្តាប់ធ្នាប់សង្គម និងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ រាជរដ្ឋាភិបាលនិងចាត់វិធានការ ដ៏ម៉ឺងម៉ាត់ចំពោះភាពញុះញ៉ុងនេះ»។
លោក ផៃ ស៉ីផាន បានបញ្ជាក់ទៀតថា នៅថ្ងៃច័ន្ទខាងមុខនេះ រាជរដ្ឋាភិបាល និងដោះស្រាយតាមវិធានការរដ្ឋបាល ក្នុងកិច្ចទម្លាប់ថវិកាជាតិ ចុះ ចំពោះភា្នក់ងារពាក់ព័ន្ធ ក្នុងកិច្ច ដោះស្រាយបញ្ហាតម្លៃស្រូវនេះ៕