(កណ្ដាល)៖ សម្ដេចឧត្តមមុនី ជា សំអាង ព្រះមេគុណខេត្តកណ្ដាល បាននិមន្តផ្ដល់អំណោយមនុស្សធម៌ ជាអង្ករ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាមួយចំនួន ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល។

ពិធីប្រគល់ និងទទួលបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកណ្ដាល។

ថ្លែងក្នុងពិធីទទួលអំណោយមនុស្សធម៌ របស់សាលាគណខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានថ្លែងថា៖ «អំណោយមនុស្សធម៌ដែលសម្ដេចមេគណខេត្តកណ្ដាល បានផ្ដល់ជូនសាខាកាកបាទក្រហមខេត្តកណ្ដាលនាពេលនេះ គឺដើម្បីអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

លោកបន្តថា ការផ្ដល់អំណោយមនុស្សធម៌របស់សាលាគុណខេត្តកណ្ដាលនាពេលនេះ គឺជាការចូលរួមរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនៃជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយអំណោយដែលបានផ្ដល់ជូននាពេលនេះ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះបំផុត ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា។ល។ ទៅតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ជាមួយគ្នានេះដែរ លោកប្រធានសាខា បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ អាជីវករ ពាណិជ្ជករ ចូលរួមបរិច្ចាគធនធានរបស់ខ្លួនឧបត្ថម្ភជាថវិកា ក៏ដូចជាសម្ភារៈ តាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានធ្វើការចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជនងាយរងគ្រោះ ដោយខ្យល់កន្ត្រាក់ អគ្គិភ័យ ផ្ទុះមីន រន្ទះបាញ់ និងគ្រោះរាំងស្ងួត គ្រួសារទីទាល់ក្រ និងចាស់ជរាគ្មានទីពឹងជាដើម និងជំនួយសុខមាលភាពសង្គម រួមមាន អ្នកផ្ទុកមេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងផ្សេងៗទៀត៕