(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp ដើម្បីលើកទឹកចិត្តស្នាដៃកូនខ្មែរ និងសម្រាប់រក្សាសុវត្ថិភាពព័ត៌មានសន្តិសុខជាតិ, លោក អ៊ុន វិសិទ្ធគុន ប្រធាន​គណបក្សកម្លាំង​ប្រជាធិប​តេយ្យ បានប្រកាសភ្លាមៗ គាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន និងចាប់ផ្តើមប្រើប្រាស់ CoolApp ចាប់ពីពេលនេះតទៅ។

ខាងក្រោមនេះជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp៖

ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។
គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្តិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។

រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់គួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖

១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។
២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។
៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។
សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។

ចំណុចនេះជាការសាកល្បងរបស់ខ្ញុំប៉ុណ្ណោះបើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើលរាប់ទាំងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះ៕