(កំពង់ចាម)៖ លោក អ៊ុង សំអាត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី ជំនាញចុះបាញ់ថ្នាំ កម្ចាត់សត្វដង្កូវស៊ីស្រូវប្រជាកសិករ ស្ថិតនៅភូមិទួលប៉ែន ឃុំតាអុង និងភូមិជយោត្បួង ឃុំជយោ ស្រុកចំការលើ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករ នូវករណីដង្កូវស៊ីបំផ្លាញស្រូវខាងលើនេះ, លោក អ៊ុង សំអាត និងលោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីតាំងស្រែស្រូវរបស់បងប្អូនប្រជាកសិករ ដែលទទួលរងការយាយី ដោយសត្វដង្កូវ ស្ថិតនៅភូមិ ឃុំដូចខាងលើ។

ក្រោយពិនិត្យឃើញថា ស្រូវរបស់ប្រជាកសិករជាច្រើនហិកតា បានទទួលរងការយាយីដោយសត្វដង្កូវ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងតំណាងក្រសួងកសិកម្ម បានចាត់ឱ្យមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់សត្វដង្កូវ ឱ្យអស់ពីស្រែស្រូវរបស់ប្រជាកសិករភ្លាមៗ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមន្ត្រីជំនាញ និងប្រជាពលរដ្ឋ បន្តចុះពិនិត្យមើលតំបន់ផ្សេងៗទៀត ក្រែងមានករណីនេះ កើតឡើងដូចគ្នាដើម្បីមានវិធានការឱ្យបានទាន់ពេលវេលាផងដែរ៕