(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើងទាំងអួលដើមក ថ្លែងអំណរគុណដល់មន្ដ្រី បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ដ និងក្រុមប្រតិបត្ដិកាកបាទក្រហមកម្ពុជា ជាពិសេសចំពោះមន្ដ្រីចូលនិវត្ដន៍ទាំងអស់ ដែលកន្លងមកនេះគឺបានលះបង់ដ៏ធំធេងណាស់ ដើម្បីបុព្វហេតុមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ជាពិសេសក្នុងគ្រាដែលប្រទេសជាតិ ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនកម្ពុជានៅតាមព្រំដែន ត្រលប់ចូលមកក្នុងប្រទេសវិញ ដែលជាពេលវេលាដ៏លំបាកក្នុងជួយសង្គ្រោះ និងសម្រាលការលំបាករបស់ប្រជាជន។

ការថ្លែងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រី បុគ្គលិកកាកបាទបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ចំនួន ៧១រូប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាកកាកបាទក្រហមកម្ពុជា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «អំឡុងមាតុភូមិនិវត្ដន៍នោះ គឺមន្ដ្រីបុគ្គលិក អ្នកស័្មគ្រចិត្ដរបស់កាកបាទក្រហមកម្ពុជាយើង បានធ្វើដំណើរទៅជួយសង្គ្រោះប្រជាជនយើង ដែលខ្វះខាតស្បៀងអាហារ ។ការចុះបំពេញបេសកកម្មមនុស្សធម៌គ្រានោះ គឺលំបាកណាស់ឆ្លងកាត់នូវឧបសគ្គជាច្រើនរៀបរាប់មិនអស់ ដែលធ្វើឱ្យខ្ញុំចង់ចាំជាប់ក្នុងបេះដូងជានិច្ច មិនអាចបំភ្លេចបានឡើយនូវគុណូបក្ការៈដ៏ធំធេងរបស់លោកអ៊ុំ លោពូ មន្ដ្រីចាស់ៗដែលបានចូលនិវត្ដន៍ និងមួយចំនួនទៀតបានទទួលមរណភាពទៅហើយ។ ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ចំពោះការលះបង់តស៊ូជម្នះរាល់ការលំបាក ដើម្បីតែបុព្វជាតិ បុព្វហេតុមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះនេះ»

ក្នុងឱកាសនោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរំលឹកអំពីស្នាដៃ និងវីរៈភាពរបស់អតីតប្រធាន កាកបាទក្រហមកម្ពុជា គឺលោកស្រី ផ្លេក ភារុណ និងអតីតអគ្គលេខា ធិការកាកបាទក្រហមកម្ពុជា គឺលោកវេជ្ជបណ្ឌិត ម៉ី សាមឺឌី ដែលបានលះបង់នូវ កម្លាំងកាយ កម្លាំងចិត្ត រួមចំណែកក្នុងបុព្វហេតុមនុស្សធម៌ រហូតដល់ថ្ងៃដែលលោកទាំងពីរបានទទួលមរណភាព ដែលស្នាដៃនិងមនសិការបស់លោក នៅតែស្ថិតក្នុងបេះដូង របស់សមាជិកសមាជិកានៃកាកបាទក្រហមកម្ពុជាជារៀងរហូតមក។

ជាមួយគ្នានេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រី បុគ្គលិក ទីស្នាក់ការកណ្ដាល ក៏ដូចជា មន្ត្រីប្រតិបត្តិមកពីសាខារាជធានី/ខេត្តទាំង២៥ ដែលបានខិតខំប្រឹងប្រែង ជំនះគ្រប់ឧបសគ្គដើម្បីបុព្វជាតិ និងបុព្វហេតុប្រជាពលរដ្ឋរងគ្រោះ។ ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណដល់គ្រួសាររបស់មន្ដ្រីបុគ្គលិកផងដែរ ដែលគាំទ្រសកម្មភាពមនុស្សធម៌នេះ។

ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា បានបំពេញតួនាទីជាពហុវិស័យក្នុងនោះក៍បានបំពេញតួនាទីក្នុងនាមជាឥស្សរ ជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍និង ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារកម្ពុជាក៏ទទួលបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការសម្រេចបានតាមផែនការសហសវត្ស របស់អង្គការសហប្រជាជាតិ ស្ដីពីការកាត់បន្ថយ ការរីករាលជំងអេដស៍ ក៏ដូចជាការកាត់បន្ថយ អត្រាមរណភាពរបស់មាតា និងទារក។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានគូសរម្លឹកសកម្មភាពមនុស្សធម៌ជាច្រើនទៀត រួមទំាងការផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតគ្រប់រូបភាព ទាំងគ្រោះមហន្ដរាយធម្មជាតិ មានដូចជាទឹកជំនន់ គ្រោះរំាងស្ងួត រួមទាំងការជួយសាងសង់ផ្ទះជូនទុរគតជន ការជីកអណ្ដូងទឹកស្អាត ស្រះទឹក និងផ្ដល់នូវកម្ចីឥតការប្រាក់ដល់ប្រជាពលរដ្ឋ នៅតាមព្រំដែនដែលងាយរងគ្រោះបំផុត ដើម្បីប្រជាពលរដ្ឋយកទៅធ្វើជាដើមទុន សម្រាប់ប្រកបអាជីវកម្មផ្សេងៗ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា កាកបាទក្រហមកម្ពុជាអាចប្រតិបត្តិការក្នុងបេសកកម្មរបស់ខ្លួនបានរហូតមកដល់ពេលនេះ គឺដោយសារតែមានការគាំទ្រ និងជឿជាក់ពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ជាពិសេស ការបរិច្ចាគថវិកាសប្បុរសធម៌ជូនកាកបាទក្រហមកម្ពុជា ក្នុងទិវា៨ឧសភាជារៀងរាល់ឆ្នាំ គឺកាកបាទក្រហមកម្ពុជាមិនបានយកទៅប្រើប្រាស់ក្នុងបុព្វហេតុរដ្ឋបាលនោះទេ គឺតម្កល់ទុកប្រើប្រាស់តែក្នុងបុព្វហេតុមនុស្សធម៌ប៉ុណ្ណោះ។

សម្ដេចប្រធានបានបញ្ជាក់ទៀតថា ភាពជោគជ័យទាំងអស់នេះ ដែលកាកបាទក្រហមកម្ពុជាសម្រេចបាន តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្ដាច់បានឡើយ ពីការចូលរួមចំណែក របស់មន្ត្រី បុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្ដាល និងថ្នាក់សាខាដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាពតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ ទន្ទឹមនេះ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ ក្រហមកម្ពុជា គឺជាកម្លាំងចលករមួយឈានមុខ ក្នុងសកម្មភាពរាយការណ៍អំពីគ្រោះមហន្តរាយ និងវិបត្តិភ័យនៅតាមមូលដ្ឋានរបស់ខ្លួន មកឱ្យថ្នាក់លើ ដើម្បីបានចាត់វិធានការ ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋឱ្យ បានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសំណូមពរឱ្យមន្ត្រី ថ្នាក់ដឹកនាំទាំងថ្នាក់កណ្ដាល និងថ្នាក់សាខា «ត្រូវតែរួបរួមគ្នាបំពេញការងារ ព្រោះថាយើងទាំងអស់គ្នា គឺមានទិសដៅតែមួយ គឺការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។ សម្តេចប្រធានបានគូសបញ្ជាក់ថា កន្លងមកកាកបាទក្រហមកម្ពុជា ក៏ទទួលបានការកោតសរសើរ ពីសហពន្ធ័អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមផងដែរ។ ដូច្នេះការសើរសើនេះ គឺជាកត្តាសំខាន់មួយហើយ តែខ្លួនយើងផ្ទាល់ ក៏ត្រូវតែខិតខំប្រឹងប្រែង ដើម្បីជួយប្រជាជនយើងដែរ។ កត្តាសំខាន់ ដែលនាំឱ្យយើងជោគជ័យនោះ គឺការរួមសាមគ្គីផ្ទៃក្នុង រវាងថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា»

សូមជម្រាបថា ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត សរុបចំនួន ៧១រូបខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំនាំនូវ ព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងជូនពរដល់ មន្ត្រី បុគ្គលិក នៃកាកកាកបាទក្រហមក្រហមទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕