(ព្រៃវែង)៖ នៅមន្ទីរគណបក្សខេត្តព្រៃវែង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ មានរៀបចំពិធីវិធីប្រកាសសេចក្ដីសម្រេច ទទួលស្គាល់ក្រុមវាគ្មិន យុវជនគណបក្សឃុំ-សង្កាត់ និងមន្ទីរ-អង្គភាព ទូទាំងខេត្តព្រៃវែង ក្រោម វត្តមានលោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការបក្សខេត្តព្រៃវែង លោក ជា សុមេធី អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង និងថ្នាក់ដឹកនាំ សមាជិក សមាជិការ ជាច្រើនរូបទៀត។
បន្ទាប់ពី លោក ងិន បាណាល់ ប្រធានក្រុមការងារយុវជន គណបក្សខេត្តព្រៃវែង បានឡើងអានរបាយការណ៍ស្តីអំពីនីតិវិធីនៃការជ្រើសរើស និងការបណ្តុះបណ្តាល វគ្គអប់រំនយោបាយដល់ យុវជនវាគ្មិនទូទាំងខេត្តព្រៃវែង រួចមកលោក ស សុខា បានថ្លែងថា «ជាទិសដៅយើងត្រូវដណ្ដើមយកជ័យជម្នះឱ្យបាននៅក្នុងការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីឈានទៅដណ្ដើមបានជោគជ័យតាមការរំពឹងទុករបស់យើង ទាមទារឱ្យយើងទាំងអស់គ្នាយកអស់កំលាំងកាយចិត្តទាំងក្នុងការងារផ្តល់សេវារដ្ឋបាល និងការងារមូលដ្ឋាន»។
ដោយឡែក ការងារពង្រឹង និងពង្រីកយុវជនបក្សគឺជា យន្តការឆ្អឹងខ្នងដែលថ្នាក់ដឹកនាំ បក្សគ្រប់លំដាប់ថ្នាក់បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់អទិភាពខ្ពស់។
លោក បានបន្តទៀតថា ជាសច្ចភាពប្រវត្តិសាស្រ្ត គណបក្សយើងបាន និងកំពុងកសាងស្នាដៃ ជាច្រើនឥតគណនាក្នុងការ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ មានជាអាទរ៍ ការចូលរួមរំដោះប្រទេសពី នឹមអាណានិគមនិយមបារាំង ការរំដោះប្រទេសឲ្យរួចចាកផុត ពីការនឹមត្រួតត្រារបស់បរទេស ការរំដោះប្រទេសឲ្យរួចចាកផុតពី របបប្រល័យពូជសាសន៍ប៉ុលពត ការបង្រួបបង្រួមជាតិ និងទឹកដីទាំងមូល ឲ្យស្ថិតនៅក្រោមរបបគ្រប់គ្រង តែមួយដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំ ចុងក្រោយរបស់មាតុភូមិដ៏កំសត់របស់យើង និងជាពិសេសចុងក្រោយ គឺការកាត់បន្ថយភាពក្រីក្រ (៥៣% ឆ្នាំ២០០៤ មកត្រឹម ១៣.៥% ឆ្នាំ២០១៤) និងគម្លាតរវាងអ្នកមាននិងអ្នកក្រ (៤១.១ ឆ្នាំ២០០៧ មកត្រឹម ៣០.៨ ឆ្នាំ២០១២) តាមរយៈការកសាង និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ដែលមានកំណើន ក្នុងរង្វង់ជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ ។
សមិទ្ធិផលទាំងនេះឆ្លុះបញ្ចាំងពីការ ដាក់ចេញ និងការអនុវត្តដ៏ត្រឹមត្រូវ របស់កម្មវិធីនយោបាយបក្ស ដែលឈានទៅគោលការណ៍ក៏ដូចជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល។ លោក បានមានមតិផ្តាំផ្ញើ ទៀតថា ខ្ញុំសូមផ្តល់អនុសាសន៍ លើកិច្ចការចំពោះមុខ និងតម្រង់ទិសលើសកម្មភាព នៅពេលអនាគត ដូចខាងក្រោម ៖
- ចំពោះមុខត្រូវខិតខំចូលរួម ឲ្យបានសកម្ម ដោយសហការជាមួយ គណបក្សស្រុក ក្នុងការជម្រុញឲ្យសមាជិកបក្ស យើងទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
- ត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីច្បាប់ជាតិ របស់យើង ជាពិសេសគឺច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីយល់ឱ្យបានច្បាស់ នៅពេលមានការវាយប្រហារ ដោយព័ត៌មានអគតិណាមួយ យើងអាចវាយបកបានទាន់ពេលវេលា។
- ព្យាយាមស្វែងយល់ និងស្គាល់អត្តសញ្ញាណ សមាជិកបក្សតាមបណ្តាក្រុមបក្សក្នុងភូមិដែលខ្លួនទទួលបន្ទុកឲ្យច្បាស់ ដែលជាបច្ច័យងាយស្រួល ក្នុងការគៀរគរពួកគាត់ឲ្យ ទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតឲ្យគណៈបក្សយើង ។
-ត្រូវរកពេលវេលាដើម្បីអាននូវមេរៀន និងអានសំនួរចម្លើយស្តីពី ប្រធានបទរសើបនានាដែល គណបក្សប្រឆាំងតែងតែលើកយក មកវាយប្រហាគណៈបក្ស យើងក៏ដូចជារដ្ឋាភិបាល ។
-ត្រូវធ្វើការសិក្សាស្រវជ្រាវបន្ថែមទៀត នូវអ្វីដែលជាការវិវឌ្ឍន៍ថ្មីៗ នៅលើពិភពលោកតាមរយៈ ព័ត៌មានផ្សេងៗដើម្បីមានមូលដ្ឋាន ធ្វើការប្រៀបធៀប និងធ្វើការវាយបក ជាពិសេសនិន្នាការ និងប៉ូលនយោបាយពិភពលោក ។
-ត្រូវធ្វើការសិក្សាស្រាវជ្រាវ មើលគំនិតនយោបាយ របស់អ្នកប្រាជ្ញល្បីៗ ពាក់ព័ន្ធនឹងការដឹកនាំរដ្ឋ ការធ្វើនយោបាយ និងការកសាងប្រទេសជាដើម ដើម្បីជាចំណេះដឹងមួយទៀត សម្រាប់វាយបកយ៉ាងមានប្រសិទ្ធភាព៕