(ឡាវ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ប្រទេសទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គមាន៖ កម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម បានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំមន្រ្តីនគរបាលជាន់ខ្ពស់ត្រួតពិនិត្យគ្រឿងញៀននៅខេត្តបកែវ ប្រទេសឡាវ ដែលជាខេត្តមួយក្នុងតំបន់ត្រីកោណមាស។

លោក ខាំឃីង ភូឡាមុនីវង្ស អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានថ្លែងថា បញ្ហាគ្រឿងញៀន បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើមនុស្សគ្រប់វ័យ គ្រប់ថ្នាក់ និងមនុស្សនៅក្នុងសង្គមទាំងសិស្ស និស្សិត កម្មករ អ្នកអត់ការងារធ្វើ ក៏ដូចជាដល់និយោជិត និងមន្រ្តីរាជការមួយចំនួនបណ្តាលឱ្យមានផលប៉ះពាល់វប្បធម៌-សង្គម ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម។

ជាមួយនេះ លោកអនុរដ្ឋមន្ត្រី បានថ្លែងបន្តថា ការរួមគ្នាលើកកម្ពស់ និងកិច្ចសហប្រតិបត្តិការលើការងារផ្លាស់ប្តូរព័ត៌មាន ការលើកកម្ពស់សមត្ថភាពអាចឱ្យយើងបង្ការទប់ស្កាត់ ដោះស្រាយបាននូវបញ្ហាគ្រឿងញៀន ដែលជាឧបសគ្គ គ្រោះថ្នាក់គំរាមកំហែង ប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ សង្គម និងសូមអំពាវនាវឱ្យគ្រប់ប្រទេសជាសមាជិកបន្តកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ពីកិច្ចប្រជុំនោះឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសនៃមហាអនុតំបន់ទាំងអស់បានសហការគ្នាយ៉ាងល្អ បន្តដាក់ផែនការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសគ្រឿងញៀនសំយោគដែលកំពុងតែមានការកើនឡើង ទន្ទឹមនឹងការចរាចរលួចលាក់ដឹកជញ្ជូនគ្រឿងញៀន សារធាតុគីមីចូលទៅតំបន់ផលិតមានការកើនឡើងផងដែរនោះ ។

ក្នុងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងបន្តថា សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកំពុងតែធ្វើឱ្យបានសម្រេចនូវឆន្ទះដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រឿងញៀន ក្នុងនោះបានធ្វើទំនើបកម្មការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយ:ការបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យា App Nodrug ដើម្បីផ្តល់ព័ត៌មាន ចំណេះដឹង រាយការណ៍ និងការធ្វើទំនើបកម្មតាមរយ:ការបង្កើតនូវព្រឹត្តិការណ៍ជាតិ អន្តរជាតិ មានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រឹត្តិការណ៍ប្រគំតន្រ្តី កីឡា យ៉ាងគគ្រឹកគគ្រេងដើម្បីបង្កើតជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្ហាញទៅពិភពលោកបានឃើញពីការចូលរួមរបស់កម្ពុជា។

ក្រោយកិច្ចប្រជុំ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ទទួលផ្តល់បទសម្ភាសន៍ជាទូរទស្សន៍ចិនខេត្តយូណានផងដែរ៕