(កំពត)៖ ថ្មីៗនេះមានជនឆ្លៀតឱកាសនិយម បាននាំគ្រឿងចក្រចំនួន៣គ្រឿង យកទៅកាយដី និងជីកព្រំរំលោភយកដីសហគមន៍ព្រៃឈើភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត ប៉ុន្តែការបំពានទាំងនេះ ត្រូវបានអាជ្ញាធរ និងស្ថាប័នជំនាញ ពាក់ព័ន្ធ បង្ក្រាបបានទាន់ពេលវេលា ដោយដកហូតវត្ថុតាង និងមនុស្ស ជាតៃកុងអាត្រាក់ចំនួន៣នាក់ នាំយកមកសាកសួរ និងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៥ ខែមិថុនាថា ការចុះបង្ក្រាបកាលពីថ្ងៃទី២៤ ខែមិថុនា យោងទៅតាមការណែនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត គឺកម្លាំងរដ្ឋបាល ព្រៃឈើ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឈូក មានកម្លាំងនគរបាលអធិការដ្ឋានស្រុកឈូក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្បើក ចុះពិនិត្យជាក់ស្ដែងឃើញបទល្មើសកំពុងប្រព្រឹត្តសកម្មភាព មានអាត្រាក់ទ័រចំនួន៣គ្រឿង កំពុងភ្ជួរឈូស ឆាយ រំលោភយកដី លើដីសហគមន៍ភ្នំត្នោត ខណៈនោះកម្លាំងសហការ ក៏បានធ្វើការឃាត់ ដកហួតវត្ថុតាងរួមមានអាប្រាក់ទ័រ ៣គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ៣នាក់។

កិច្ចការងារបង្ក្រាបខាងលើ បន្ទាប់ពីរាយការណ៍ជូន លោកអភិបាលខេត្តរួចហើយ គឺលោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ ឱ្យកម្លាំងមានសមត្ថកិច្ចជំនាញ ប្រគល់ជូនត្រាក់ទ័រទាំង៣គ្រឿង ព្រមទាំងដោះលែងអ្នកបើកបរត្រាក់ទ័រ ឱ្យវិលត្រឡប់ ទៅផ្ទះវិញដោយធ្វើការណែនាំឲ្យបញ្ឈប់ការប្រព្រឹត្តបទល្មើសបែបនេះទៀត។

ការដោះលែងនេះ ដោយសារអ្នកបើកបរអាត្រាក់ទាំង៣នាក់ សុទ្ធតែជាអ្នកស៊ីឈ្នួលគេទេ ដោយពួកគាត់ពុំដឹងថាសកម្មភាពនេះ ជាបទល្មើសនោះឡើយ។ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានបញ្ជាក់ឲ្យដឹងទៀតថាជំនាញនឹងបន្តនីតិវិធី ដោយធ្វើលិខិតអញ្ជើញ មុខសញ្ញា អ្នកដែលជួលអត្រាក់ទាំងបីគ្រឿងមកជីកកកាយដី ដែលខុសច្បាប់ខាងលើ ឱ្យមកចូលខ្លួនធ្វើនីតិវិធីនៅសប្តាហ៍ក្រោយនេះ។

តាមលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ជនបង្ករដែលជួលត្រាក់ទ័រ ឲ្យមកជីកកកាយដីលើដីសហគមន៍ភ្នំត្នោត ដែលខុសច្បាប់នោះ មានឈ្មោះ រំដួល វន ភេទប្រុស រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ហើយចំណុចឈូសឆាយ ស្ថិតនៅភូមិត្រពាំងកុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។

តាមមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពត បានប្រាប់ឱ្យដឹងដែរថា ដីព្រៃសហគមន៍ភ្នំត្នោត ស្ថិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត មានផ្ទៃដីប្រមាណ ៤៥៨ហិកតា។ តាមប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ដីសហគមន៍ភ្នំត្នោតខាងលើ ជាច្រើនឆ្នាំមកហើយ តែងតែមានក្រុមឱកាសនិយម ធ្វើការទន្ទ្រានកាន់កាប់ ហើយមានការ លក់ ទិញ ដូរ ដោយសេរីទៀតផង ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនបានបញ្ជាក់លើឯកសារទិញលក់ណាមួយនោះឡើយ ដោយសំអាងថាដីសហគមន៍ទាំងនោះសុទ្ធសឹងជាដីរដ្ឋទាំងអស់ ការគ្រប់គ្រងដោយសហគមន៍៕