(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ខណៈរោងចក្របាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ ក្នុងពេលដំណាលគ្នា ដើម្បីបង្កើនការផលិតទឹកស្អាតឱ្យបាន ១.២លានម៉ែត្រគូបក្នុងមួយថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលចេះតែបន្តកើនឡើងជាលំដាប់។
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង ជំហានទី២ និងបើកការដ្ឋានសាងសង់ជំហានទី៣» នាថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤នេះ បានរៀបចំឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ រួមនឹងឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ,ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា,នាយិកា នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា រួមនឹងថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ មានសមត្ថភាពខ្ពស់ក្នុងការផលិតទឹកស្អាត គឺ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមពីលើសមត្ថភាពផលិតដែលមានស្រាប់ប្រមាណ ៧៨៧ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ដូចនេះ សមត្ថភាពផលិតសរុបនៃបណ្ដារោងចក្រប្រព្រឹត្តកម្មសរុបកើនឡើងដល់៩៨២ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកបន្តថា ទាំងនេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយទៀតសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG៦) ដោយធានាឱ្យបាននូវការទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។ លើសពីនេះ រោងចក្រថ្មីនេះនឹងជួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងការផ្ដល់នូវសេវាទឹកស្អាតដែលមានស្ថិរភាពសម្រាប់ផ្គត់ផ្គង់ទៅកាន់បណ្ដារោងចក្រ-សហគ្រាស ដែលនឹងបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការសម្រេចបាននូវសមិទ្ធផលដ៏ធំនៃវិស័យទឹកស្អាត តាមរយៈការសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី ១, ជំហានទី ២, និង ជំហានទី ៣, ដែលផ្តល់លទ្ធភាព នៃការផលិតទឹកស្អាត រហូតដល់ចំនួនជាង ១ លាន ១៧ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ តាមផែនការរំពឹងទុក នៅត្រឹមចុងឆ្នាំ ២០២៧ ខាងមុខ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីជោគជ័យ នៃការអនុវត្តអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ», ពោលគឺ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ បានប្រកាន់យកនូវ អភិក្រមនៃការអនុវត្តការងារ និង កិច្ចសហការ សម្របសម្រួលស្អិតល្មួត ប្រកបដោយស្មារតីបុរេសកម្ម, អន្តរសកម្ម, ម៉ឺងម៉ាត់, និង ច្បាស់លាស់ ។
លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា ការដាក់ឱ្យដំណើរការរោងចក្របាក់ខែជំហានទី២នេះ មានសារៈសំខាន់ណាស់ ដើម្បីបំពេញតម្រូវការទឹកស្អាតដល់ប្រជាពលរដ្ឋ នៅតាមទីតាំងសេវារបស់រដ្ឋាករទឹកដែលនៅសេសសល់។
ចំណែករោងចក្របាក់ខែងជំហានទី៣ ដែលបើកការដ្ឋានសាងសងនាពេលនេះ មានសមត្ថភាពផលិតទឹកស្អាត១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ មានតម្លៃ ជាង២៥២លានដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេលសាងសង់៣៦ខែ ពោលគឺបញ្ចប់នៅឆ្នាំ២០២៧។ រោងចក្របាក់ខែងជំហានទី៣នេះ នឹងចូលរួមផលិតទឹកស្អាត ដើម្បីបម្រើតាមសំណូមពររបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសតំបន់ជាយក្រុង និងតំបន់រណបនៅក្នុងក្រុងភ្នំពេញ ដូចជាតំបន់ព្រែកអញ្ចាញ តំបន់ព្រែកព្នៅ ក៏ដូចជាប៉ែកខាងលិចនៃខណ្ឌកំបូល។
លោកបន្តថា «តាមផែនការមេរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជំហានទី៣នេះ គឺយើងមានការគិតគូរថាធ្វើម៉េចឱ្យផលិតកម្មរបស់យើង គឺឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅរាជធានីភ្នំពេញ។ ហេតុនេះហើយ យើងនឹងចាប់ផ្តើមធ្វើបាក់ខែងជំហានទី៣បន្តទៀត ដោយយើងបានទទួលឥណទានពីរាជរដ្ឋាភិបាលបារាំងកាលពីខែធ្នូ ឆ្នាំ២០២៣កន្លងមក»។
សូមគូសបញ្ជាក់ផងដែរថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងទាំង៣ជំហាន ចំណាយថវិកា សរុបចំនួនប្រមាណ ៦៦០ លាន ដុល្លារអាមេរិក ដែលក្នុងនោះ រួមមាន៖ ឥណទានសម្បទានពី AFD ចំនួន ៤១០ លាន ដុល្លារអាមេរិក ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០ លានដុល្លារ អាម៉េរិក, ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦ លានដុល្លារអាម៉េរិក, និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន១២៤ លានដុល្លារអាមេរិក៕