(Update): មនុស្ស ២៩នាក់ រងរបួសនៅក្នុងហេតុកាណ៍បំផ្ទុះគ្រាប់បែក នៅកណ្តាលទីក្រុង New York
18-09-2016 12:21
(អាមេរិក)៖ ការផ្ទុះដ៏ខ្លំាងមួយនៅថ្ងៃសៅរ៍ នៅឯសង្កាត់ Chelsea នៃតំបន់ Manhattan ស្ថិតនៅកណ្ដាល ទីក្រុង New York បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៩នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់។ នេះបើយោងតាមការឱ្យដឹងពី នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង New York ចុះផ្សាយដោយសារព័ត៌មាន Channel New Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអាទិត្យ ទី ១៨ ខែកញ្ញា ឆ្នាំ ២០១៦។
ជុំវិញហេតុការណ៍ផ្ទុះគ្រាប់បែកនេះដែរ នាយកដ្ឋានប៉ូលិសទីក្រុង ញ៉ូវយ៉ក កំពុងធ្វើការស៊ើបអង្កេត និង បានរកឃើញឧបករណ៍សង្ស័យទី២ ខណៈ ការសនិ្នដ្ឋានជំហានដំបូងមិនមានជាប់ពាក់ព័ន្ធនឹង សកម្មភាពភេរវកម្មនោះទេ តែវាអាចជាចេតនាក្នុងការបំផ្ទុះគ្រាប់បែកនេះ ចំណែកឯមូលហេតុពុំទាន់ ត្រូវបានបញ្ជាក់នៅឡើយទេ។
សូមជំរាបថា ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅម៉ោង ៨៖៣០ នាទី យប់ (ម៉ោងនៅក្នុងទីក្រុង ញ៉ូយ៉ក) នៅចន្លោះរុក្ខវិថីទី៦ និង រុក្ខវិថីទី៧ ផ្លូវលេខ ២៣ នៃសង្កាត់ Chelsea ក្នុងតំបន់ Manhattan ស្ថិតនៅកណ្ដាលទីក្រុង New York៕