(ភ្នំពេញ)៖ រថយន្ដមួយគ្រឿងម៉ាក Lexus GS300 ពាក់ផ្លាកលេខភ្នំពេញ 2BA-7967 បានបត់ស្ដាំប៉ះជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ជើងធ្ងន់ធ្ងរ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចស្ដុបកាណាឌីយ៉ា ផ្លូវសហព័ន្ធរុស្ស៉ី ខណ្ឌ៧មករា។ ក្រោយកើតហេតុ ភាគីរថយន្ដមិនបានឈប់ដោះស្រាយជាមួយជនរងគ្រោះនោះទេ ពោលទុកតែលេខទូរស័ព្ទឲ្យជនរងគ្រោះទាក់ទងតាមក្រោយប៉ុណ្ណោះ។

រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សាច់ញាតិជនរងគ្រោះបានទាក់ទងទៅម្ចាស់រថយន្តខាងលើ តែម្ចាស់រថយន្តបានប្រាប់ថា គាត់មិនបានប៉ះម៉ូតូទេ គឺមកខាងម៉ូតូមកប៉ះរថយន្តគាត់។ ការសម្របសម្រួលគ្នាបានធ្វើឡើង នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ប៉ុ​ន្តែអ្នកបើករថយន្តចង់សងត្រឹម៣០០ដុល្លារ​ ខណៈជនរងគ្រោះសុំទាមទារ១០០០ដុល្លារ ដើម្បីព្យាបាលរងរបួស។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ពុត សីហា អាយុ១៨ឆ្នាំ មានស្រុកកំណើត ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មកធ្វើការនៅភ្នំពេញស្នាក់ក្នុងផ្ទះជួល សង្កាត់ឈូកវ៉ាក២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន សាច់ញាតិរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងសំណូមពរដល់លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ ឲ្យជួយស្រាវជ្រាវ ដើម្បីផ្ដល់យុត្តិធ៌ជូនភាគីដែលរងរបួសបាក់ជើង៕