(រតនគិរី)៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសតែងតាំង មុខតំណែងមន្រ្តីនគរបាល នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃ បានតែងតាំងលោកវរសេនីយ៍ឯក ជា តារា អត្តលេខ ៦២៣៤៧ ជាស្នងការរង។ លោកត្រូវបានចាត់តាំងឲ្យទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

បន្ទាប់ពីប្រគល់ប្រកាស តែងតាំងជូនលោកវរសេនីយ៍ឯក ជា តារា រួចមក, លោកវរសេនីយ៍ឯក ជា តារា បានឡើងធ្វើការប្ដេជ្ញាចិត្តសន្យាថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តដោយស្មោះត្រង់ តាមកម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំគោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ ចំពោះច្បាប់ បទបញ្ញាតិ និងបទបញ្ជាផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទៅតាមបទវិន័យ របស់មន្ត្រីនគរជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀត ឲ្យបានល្អប្រសើរ។

លោក វ៉ាន់ សោភា បានកោតសរសើរលោកស្នងការ លោកស្នងការរង និងមន្ត្រី នគរបាលគ្រប់រូប ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ជួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការថែរក្សា សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ជាពិសេសនៅពេលមានបុណ្យទានម្តងៗ ដែលធ្វើប្រជាពលរដ្ឋមានជំនឿទុកចិត្ត។ 

ក្នុងនាមថ្នាក់ដឹកនាំខេត្ត គណៈបញ្ជាការឯកភាពខេត្ត លោក វ៉ាន់ សោភា បានស្នើដល់លោកស្នងការ ស្នងការរង និងមន្ត្រីនគរបាលគ្រប់រូប ត្រូវបន្តប្រពៃណីល្អ រួមសហការគ្នាក្នុង អង្គភាពដើម្បីចូលរួមអនុវត្ត ការងារសំខាន់ៗដូចជា បន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពង្រឹងសមត្ថភាព ជំនាញ គោរពវិន័យ ម៉ោងការងារ និងរបៀបរបបធ្វើការឲ្យបានល្អប្រសើរ។

លោកក៏បានប្រាប់ឲ្យខិតខំ អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ការគោរព និងអនុវត្តច្បាប់ និងលិខិតបទដ្ឋាន ដែលរាជរដ្ឋាភិបាល និងអគ្គស្នងការនគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការ ឯកភាពខេត្ត ដែលបានដាក់ចេញ ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ ត្រូវមានការទំនាក់ទំនងល្អ និងសហការជិតស្និទ្ធ ជាមួយកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីក្តាប់សភាពការណ៍ ទប់ស្កាត់ និងចូលរួមបង្ក្រាប រាល់មុខសញ្ញា និងបទល្មើសនានា សំដៅធានា រក្សាស្ថេរិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីរួម ចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមក្នុងខេត្តឲ្យកាន់តែប្រសើ សំដៅសម្រេចបាននូវយុទ្ធសាស្ត្របច្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រមកម្ពុជា។ 

ថ្លែងនៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក កឹង ឃន ក៏បានធ្វើការផ្តល់នូវដំបូន្មានល្អៗ សម្រាប់កងកម្លាំងទាំងអស់ សម្រាប់យកទៅអនុវត្តនៅក្នុងមូលដ្ឋាន ព្រមទាំងសូមឲ្យមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងត្រូវអនុវត្តឲ្យខាងតែបាននូវខ្លឹមសារ៧ចំណុច នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោកអគ្គស្នងការរង បានសង្កត់ទៅលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារបង្ក្រាបការចរាចរណ៍គ្រឿងញៀន និង ក្រុមក្មេងទំនើង ការងារចរាចរណ៍ផ្លូវគោក និងបានធ្វើការផ្តាំផ្ញើ ដល់លោកស្នងការរង ដែលទើបប្រកាសមុខតំណែងថ្មី ត្រូវអនុវត្តឲ្យបាន ពីតួនាទីភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការឲ្យស្នងការ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញ សម្រាប់បម្រើប្រយោជន៍ និងក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសពង្រឹងវិន័យ និងលើកកម្ពស់សមត្ថភាពដល់កងកម្លាំងរបស់ខ្លួន ដើមី្បអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕