(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា វិស័យអប់រំគឺជាវិស័យគ្រឹះមួយដែលធ្វើឱ្យប្រទេសជាតិមានភាពរឹងមាំ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត និងបុគ្គលិកសិក្សានៅទូទាំងខេត្តកំពត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

លោក ម៉ៅ ធនិន បានចាត់ទុកថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជ្រោមជ្រែង ព្រមទាំងធ្វើការកំណែរទម្រង់ផ្សេងៗធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលមានប្រសិទ្ធភាពខ្ពស់ ពិសេសជំរុញឱ្យមានសាលារៀន នៅគ្រប់ទីកន្លែង ទោះនៅតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានចាត់ទុកគុណភាពអប់រំគឺជាកត្តាសំខាន់ក្នុងការធានាថាសិស្សានុសិស្សត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែង ដែលអាចប្រកួតប្រជែងជាមួយនឹងស្តង់ដារតំបន់ និងអន្តរជាតិ។

លោកអភិបាលខេត្ត បានបន្តថា ក្រោយប្រទេសកម្ពុជាមានសុខសន្តិភាព ដែលយកមកដោយលំបាកដោយការលះបង់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យអប់រំ ត្រូវបានយកចិត្តទុកដាក់ខ្ពស់  និងធ្វើកំណែរទម្រង់ជាច្រើនក្នុងន័យធ្វើយ៉ាងណា ឱ្យការបណ្តុះបណ្តាលចំណេះដឹង ដល់សិស្សានុសិស្សមានប្រសិទ្ធភាពខ្ពស់ ហើយបានចាត់ទុកគុណភាពអប់រំ គឺជាកត្តាសំខាន់ក្នុងការធានាថា សិស្សានុសិស្សត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញពិតប្រាកដ។

ក្រោមការយកចិត្តទុកដាក់ និងគិតគូជាអាទិភាពលើវិស័យអប់រំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវយន្តការណ៍ គោលនយោបាយ ពិសេសកិច្ចចង្អុលការសំខាន់ៗមកកាន់រដ្ឋបាលរាជធានី-ខេត្ត ជារៀងរាល់ថ្ងៃ ឱ្យត្រួតពិនិត្យ និងតាមដានជានិច្ចនូវគុណភាពសិក្សា ព្រមទាំងតម្រូវការផ្សេងៗពាក់ព័ន្ធនឹងវិស័យអប់រំ។

វិស័យអប់រំបច្ចុប្បន្ន ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពសំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ដែលទាមទាឱ្យបុគ្គលិកសិក្សាទាំងអស់ ត្រូវខិតខំបញ្ចេញសមត្ថភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យទទួលបានចំណេះដឹងខ្ពស់ មានគុណភាព និងមានជំនាញអនុវត្តជាក់ស្តែង ដែលអាចប្រកួតប្រជែងជាមួយនឹងស្តង់ដារតំបន់ និងអន្តរជាតិ ហើយវិស័យអប់រំនេះហើយ គឺជាវិស័យគ្រឹះមួយដែលធ្វើឱ្យប្រទេសជាតិមានភាពរឹងមាំ ព្រមទាំងមានការរីកចម្រើនឆាប់រហ័យ។

ទន្ទឹមនេះ លោកអភិបាលខេត្តកំពត ក៏បានជំរុញ និងស្នើឱ្យបុគ្គលិកសិក្សា ពិសេសលោកគ្រូ អ្នកគ្រូ នៅទូទាំងខេត្ត ដែលមានតួនាទីក្នុងការបណ្តុះបណ្តាលចំណេះវិជ្ជាដល់កូនក្មួយជំនាន់ក្រោយ ត្រូវសាបព្រោះនូវចំណេះដឹង សាបព្រោះនូវវប្បធម៌ កត្តញ្ញូ ពិសេសត្រូវធ្វើជាពុម្ភមួយដ៏ល្អ ដើម្បីបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយឱ្យមានទាំងធនធានមនុស្ស និងធនធានជាតិ។ ហើយធនធានមនុស្ស គឺជាការយល់ដឹង ការចេះដឹង ការទទួលបាននូវចំណេះវិជ្ជា សម្រាប់បំរើការងារសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន រីឯធនធានជាតិ គឺជាមនុស្សដែលមានចំណេះដឹងហើយពោរពេញទៅដោយមនសិការជាតិ ពោរពេញទៅដោយចរិកជាតិនិយម ពោរពេញទៅដោយការស្រឡាញ់ និងការពារនូវទឹកដីជាតិរបស់ខ្លួន ហើយនេះជាអ្វីដែល លោកគ្រូ អ្នកគ្រូ ត្រូវចូលរួមផ្តល់ទៅឱ្យមនុស្សជំនាន់ក្រោយ៕