(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ នៃការសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៨) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។

ក្រុមហ៊ុនសំណង់សៀងហៃបានធ្វើបទបង្ហាញជូនអង្គប្រជុំពីការកែសម្រួលចំណុចខ្លះដែលថ្នាក់ដឹកនាំក្រសួងបានមានមតិកែលម្អកាលពីប្រជុំនាពេលកន្លងមក ដូចជាការងារដាក់លូ សាងសង់ស្ពានថ្មី គន្លងផ្លូវពុះចែកទ្រូងថ្នល់ និងការសាងសង់ស្ថានីយជញ្ជីងរថយន្ត ដោយពិនិត្យទៅលើជម្រើសដែលសមស្រប មានគុណភាព និងអាចកាត់បន្ថយផលប៉ះពាល់បានច្រើន។

លោក ឈួន វិន ប្រធានអង្គប្រជុំ បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងភាគីក្រុមហ៊ុន ឱ្យសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងការរៀបចំប្លង់លម្អិតតាមផ្នែកនីមួយៗឱ្យបានហ្មត់ចត់ មុននឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំពិនិត្យសម្រេចជាបន្ត ដើម្បីពន្លឿនការងារសាងសង់ផ្លូវនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕