(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោកស្រីឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍ គ្មានគ្រឿងញៀន» និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង តាមអំណាចសាលក្រមតុលាការ ដែលកម្លាំងមានសមត្ថកិច្ចបង្ក្រាប និងរឹបអូសបានមានទម្ងន់៣៧.១៥៤,៦៦៨ក្រាម។
លោក ប៉េង ពោធិ៍សា បានដាក់ចេញនូវគោលដៅមួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖
*ទី១៖ ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្ដែងនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំ ឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត។
*ទី២៖ ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀតនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ គោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន ជាពិសេសការចាត់តាំងអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ស្របតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ និងដាច់ខាតបំផុត។
*ទី៣៖ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ។
*ទី៤៖ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត។
*ទី៥៖ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់អប់រំណែនាំ និងពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យបានតឹងរ៉ឹងបំផុត ចៀសវាងកុំឲ្យពាក់ព័ន្ធក្នុងករណីបទល្មើសគ្រឿងញៀន និងជាមួយឧក្រិដ្ឋជន គ្រឿងញៀន ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតី «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។
*ទី៦៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបានតឹងរ៉ឹងបំផុត ទប់ស្កាត់ឲ្យបានការនាំចូលនូវសារធាតុគីមីផ្សំ គ្រឿងញៀនគ្រប់ប្រភេទ។
*ទី៧៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង។
*ទី៨៖ ត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យជនរងគ្រោះដោយសារ សារធាតុញៀន ទទួលបានសេវាបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឡើងវិ។
*ទី៩៖ អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ សូមបង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហការឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រួមទាំងគណៈអធិបបានអញ្ជើញ បានពិនិត្យនិងដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅទីតាំងដែលរៀបចំផងដែរ៕