(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងអ្នករស់នៅបន្ទប់ជួលមួយចំនួន នៃតំបន់មិនសូវរៀបរយ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លេីង ក្នុងក្រុមទី១០៥, ១០៤, ៧៩, ៧៨ ភូមិ២២ និងភូមិ១៧ សង្កាត់ទឹកល្អក់ទី១ និងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានទទួលការសំណេះសំណាល អប់រំ និងស្នើសុំកិច្ចសហការផ្ដល់ព័ត៌មានឲ្យបានល្អប្រសើររួមគ្នា ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ ពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌ ជា ពិសី។

លោក ជា ពិសី នៅក្នុងកិច្ចប្រតិបត្តិការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើរដ្ឋបាលនេះ បានលើកឡើងថា ការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពសង្គម ជាបញ្ហាអទិភាពមួយ ដោយមានទាំងក្មេងទំនើង ចោរកម្ម ពិសេសការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ក្នុងចំណោមការងារជាច្រើនទៀត ដែលក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច ត្រូវរួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាព សំដៅដល់ការយកចិត្តទុកដាក់បម្រើជូនប្រជាពលរដ្ឋ តាមការដឹកនាំជម្រុញជាប់ជានិច្ចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិសេសការផ្សព្វផ្សាយសារអំពាវនាវ៤ចំណុច របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ជា ពិសី បានលើកឡើងទៀតថា សម្រាប់ផែនការផ្សព្វផ្សាយទាំង៤ចំណុចសំខាន់ៗ ក្នុងការយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព តាមរយៈសារអំពាវនាវ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖
*១-ចេញបទបញ្ជាដល់អភិបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងចំពោះករណីក្មេងទំនើង (ក្រុមបងធំ បងតូច ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ) ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែង។
*២-អំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការឲ្យបានម៉ឺងម៉ាត់ ចាត់ការលើសំណុំរឿងក្មេងទំនើង។
*៣-អំពាវនាវដល់ឪពុក-ម្ដាយ និងអាណាព្យាបាល ខិតខំតាមដាន អប់រំ ទូន្មានប្រៀនប្រដៅកូនៗ និងក្មួយៗ។
*៤-សូមក្មួយៗដែលជាយុវជន និងសិស្ស ប្រកាន់ខ្ជាប់នូវវិន័យសីលធម៌ ក្នុងនាមជាយុវជនទំពាំងស្នងឫស្សី និងជៀសវាងសកម្មភាពទាំងឡាយ ដែលបង្កអន្តរាយដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕