(ពោធិ៍សាត់)៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានបើកទំព័រថ្មី នៃកិច្ចប្រជុំសាមញ្ញលើកទី១ ឆ្នាំទី១ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ 

នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត បានធ្វើការប្រជុំពិភាក្សា អនុម័តលើរបៀបវារៈ រួមមាន៖

ទី១-ផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សា
ទី២-ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា សម្រាប់រយៈពេលដប់ពីរខែ
ទី៣-សេចក្តីរាយការណ៍ អំពីលទ្ធផលការងារ នៃរដ្ឋបាលខេត្ត នៅក្នុងអាណត្តិ ដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេសសល់ និងទិសដៅ ការងាររយៈពេល៣ខែ
ទី៤-បញ្ហាផ្សេងៗ៕

លោក ខូយ រីដា អភិបាលខេត្ត សង្ឃឹមថា ក្រុមប្រឹក្សាអាណត្តិថ្មីនេះ គឺជាថាមពលមួយ ដើម្បីរួមសាមគ្គីគ្នា ធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់របស់យើង ទទួលបានជោគជ័យ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សាខេត្ត សហការជាមួយគណៈអភិបាលខេត្ត។ លោកបានជំរុញដល់មន្ត្រីអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែមទៀត ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ ស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ។ លោកអភិបាលខេត្ត បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តពង្រឹងការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្ក្រាបបទល្មើសព្រៃឈើ ការរានដីព្រៃខុសច្បាប់ បទល្មើសជលផល ក្រុមក្មេងទំនើង ការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ចោរប្លន់ លុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ និងក្តាប់ឱ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមានតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានោះ ត្រូវរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជន អនាម័យបរិស្ថាន និងជម្រុញការដាំដើមឈើ នៅតាមក្រុងស្រុកទាំងអស់ ឱ្យបានផុលផុស។

លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានកោតសរសើរដោយស្មោះ ចំពោះការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យគ្រប់ជ្រុងជ្រោយ របស់លោក ខូយ រីដា អភិបាលខេត្ត ក៏ដូចជាលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ បានខិតខំដោះស្រាយ រួមនឹងវិធានការក្ដៅគគុក បង្ក្រាប ទប់ស្កាត់ ចំពោះបទល្មើសព្រៃឈើ បទល្មើសដីធ្លី ពិសេសនៅតំបន់ផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ដែលត្រូវអភិរក្សជាតំបន់ធម្មជាតិ តាមអនុសាស្ត្ររបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕