(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលឃាត់ខ្លួនគ្រូមន្ដអាគមម្នាក់ឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ក្រោយបង្ហោះវីដេអូយកកាំភ្លើងបាញ់ខ្លួនឯងមិនធ្លុះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា លោកបានបញ្ជាកម្លាំងនគរបាលខណ្ឌព្រែកព្នៅ ដើម្បីកោះហៅគ្រូមន្ដគមរូបនេះមកធ្វើការសួរនាំ។

ក្រោយបញ្ចប់ការសួរនាំ លោកបានបញ្ជាកម្លាំងជំនាញឃាត់ខ្លួនគ្រូមន្ដអាគមន សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាមតែម្ដង ដើម្បីបន្ដនីតិវិធីពាក់ព័ន្ធការយកកាំភ្លើងបាញ់ខ្លួនឯង ហើយបង្ហោះតាមបណ្ដាញសង្គម។

ដោយឡែក ពាក់ព័ន្ធកាំភ្លើងដែលនោះវិញ គ្រូមន្ដអាគមនបានសារភាពថា ខ្លួនរើសបានកាបូបមួយ រួចហើយឃើញមានកាំភ្លើងខ្លីក្នុងនោះមួយដើម ទើបយកមកប្រើប្រាស់ជាគ្រូបាញ់មិនធ្លុះតែម្ដង។ លុះបាញ់រួចបានយកទៅបោះចោលនៅខេត្តក្រចេះ។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញកំពុងបន្ដស្រាវជ្រាវតាមនីតិវិធី។

សូមជម្រាបថា ក្រោយវីដេអូត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម គ្រូមន្តអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូ ផេះគ្រូអង្កាម អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ បានចេញលិខិតសុំទោសជាសាធារណៈផងដែរ៕