(សៀមរាប)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ រយៈពេល ១ថ្ងៃ នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសមភាពថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។

នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតនេះលោក ជឺ ចំណាន អនុប្រធាន គ.ជ.ប បានលើកឡើងថា គោលបំណងសំខាន់នៃសន្និបាតនេះ គឺបូកសរុប និងវាយតម្លៃលើលទ្ធផលការងាររបស់ គ.ជ.ប ក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បើទោះបីជាការបោះឆ្នោតទាំងនេះ ទទួលបានលទ្ធផលជោគជ័យយ៉ាងណាក៏ដោយ ក៏ គ.ជ.ប យល់ឃើញថា នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវតែចូលរួមចំណែកដោះស្រាយ ដោយត្រូវស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងបញ្ហាប្រឈមនានា។ ដូច្នេះអង្គសន្និបាតចូលរួមពិភាក្សាឱ្យបានផុលផុស ដោយលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ផ្ដល់ជាយោបល់ ឬលើកជាសំណូមពរ ឬអនុសាសន៍ ទៅតាមប្រធានបទនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំការបោះឆ្នោតខាងមុខទៀតឱ្យកាន់តែប្រសើរឡើងថែមទៀត។

សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវបានប្រារព្ធពិធីបិទនារសៀលថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖