(ហ្សាការតា)៖ រដ្ឋបាលទីក្រុងហ្សាការតា កំពុងរៀបចំផែនការមួយដើម្បីរក្សាតួនាទីរបស់ទីក្រុងនេះ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី បើទោះបីជាវាបាត់បង់ឋានៈជារដ្ឋធានីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ទីក្រុងហ្សាការតា ដែលបានប្រារព្ធខួបកំណើតលើកទី ៤៩៧ របស់ខ្លួនកាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែមិថុនា) និងជាខួបចុងក្រោយរបស់ខ្លួនក្នុងនាមជារដ្ឋធានី រួមចំណែកស្ទើរតែ ១៧ភាគរយ ដល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី។

រដ្ឋាភិបាលក្នុងតំបន់សង្ឃឹមថា ទីក្រុងដែលមានការកកស្ទះ និងលិចទឹកនេះ អាចរក្សាបាន ឬបង្កើនការរួមចំណែករបស់ខ្លួន ប៉ុន្តែចក្ខុវិស័យនេះអាចនឹងត្រូវបានរាំងស្ទះដោយឧបសគ្គផ្សេងៗ។

ទីក្រុងហ្សាការតានឹងបាត់បង់តំណែងជារដ្ឋធានីជាផ្លូវការ នៅពេលដែលប្រធានាធិបតីនៃប្រទេសមួយនេះ ចេញក្រឹត្យដាក់ឈ្មោះ Nusantara ជារដ្ឋធានីថ្មីជំនួសវិញ។ Nusantara គឺជាគម្រោងសាងសង់ទីក្រុងថ្មីដ៏ធំសម្បើម ដែលមានទឹកប្រាក់ ៣២ ពាន់លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់ Kalimantan ខាងកើត ហើយនឹងក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលថ្មីរបស់ឥណ្ឌូណេស៊ី។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីដែលកំពុងចាកចេញពីតំណែង បាននិយាយថា «ខ្ញុំអាចនឹងចុះហត្ថលេខាលើវានៅពេលក្រោយ ឬលោក Prabowo Subianto ដែលជាប្រធានាធិបតីជាប់ឆ្នោតរបស់រដ្ឋាភិបាលថ្មី ក៏អាចចុះហត្ថលេខាលើវាផងដែរ»

គួរបញ្ជាក់ថា លោក Widodo បានប្រកាសពីការសម្រេចចិត្តផ្លាស់ប្តូររដ្ឋធានីឥណ្ឌូណេស៊ីពីទីក្រុងហ្សាការតាក្នុងឆ្នាំ២០១៩៕