(កណ្ដាល)៖ ក្រោយប្រកាសបង្កើតរដ្ឋបាលក្រុងអរិយក្សត្រនាពេលកន្លងទៅរួចមក, អគាររដ្ឋបាលក្រុង ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាល អគារសាលប្រជុំ និងអគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុងអរិយក្សត្រ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

អគាររដ្ឋបាលក្រុងអរិយក្សត្រ មានទំហំ២៨.២០ម៉ែត្រx១៣.២០ម៉ែត្រ កម្ពស់២ជាន់, អគារសាលប្រជុំ ទំហំ ២០.៥០ម៉ែត្រ x ១៩.៤៥ ម៉ែត្រ កម្ពស់១១.៥២ម៉ែត្រ, អគារការិយាល័យច្រកចេញចូលតែមួយ ទំហំ ២០.២០ម៉ែត្រ X១៥.១០ ម៉ែត្រ កំពស់ ៦ ម៉ែត្រ របស់រដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅភូមិទួលមាស សង្កាត់ អរិយក្សត្រ ក្រុងអរិយក្សត្រ។

លោកអភិបាលខេត្តកណ្ដាល បានជំរុញដល់រដ្ឋបាលក្រុង សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា អោយបានទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាល បម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។

ជាមួយគ្នានេះ ក៏ត្រូវដាក់ទណ្ឌកម្មវិន័យ ឬអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែល បំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ »។

លោកអភិបាលខេត្តបន្តថា ការបើកការរដ្ឋានសាងសង់ អគាររដ្ឋបាល, អគារសាលប្រជុំ និង អគារការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុងអរិយក្សត្រ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវិស័យរដ្ឋបាល សេដ្ឋកិច្ច-សង្គម មានការវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយអគាររដ្ឋបាល អគារសាលប្រជុំ និងអគារការិយាល័យច្រកចេញចូលតែមួយ គឺជាគម្រោងអាទិភាព ឆ្លើយតបទៅនឹងតម្រូវ ការចាំបាច់របស់រដ្ឋបាលក្រុង ដែលជាទីកន្លែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ផ្នែក គ្រប់ថ្នាក់ បំពេញការងារ ផ្តល់នូវពុទ្ធិ ផ្តល់សេវា ប្រកបដោយសោភ័ណ្ឌភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត។ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា៖ ពិសេស សកម្មភាព លួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ៕