(ភ្នំពេញ)៖ ចាប់ផ្ដើមហើយ និងផ្ដោតសំខាន់លើរបៀបវារៈមួយចំនួន សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ តំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវនេះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យខណ្ឌទាំង១១, ប្រធានសាខាពន្ធដារខណ្ឌ, តំណាងអគ្គិសនីកម្ពុជា, ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌ, ក្រុមលេខាធិការ, និងលោក-លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ទាំង៧ សរុបចំនួន៥៤នាក់។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌឬស្សីកែវនេះដែរ បានផ្ដោតក្រោមរបៀបវារៈមួយចំនួន រួមមាន៖

*១-ផ្សព្វផ្សាយសេចក្តីណែនាំលេខ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
*២-ផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៤ សម្រាប់រយៈពេល (១២ខែ-ឆ្នាំ២០២៤-២០២៥) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
*៣-របាយការណ៍លទ្ធផល ស្តីពីការអនុវត្តការងាររបស់អភិបាលខណ្ឌ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ ដែលអនុម័តដោយក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ និងត្រូវអនុវត្តបន្ត។
*៤-បញ្ហាផ្សេងៗ៕