(ក្រចេះ)៖ អាជ្ញាធរស្រុកសំបូរ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តក្រចេះ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាកសិករឱ្យយល់ដឹងអំពីវិធានការការពារ និងការកំចាត់សត្វដង្កូវហ្វូងដែលកំពុងស៊ីបំផ្លាញដំណាំ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលកំពុងប្រឈមផលប៉ះពាល់ចំនួន៩៨០គ្រួសារ ស្មើនឹង ១ ៣៨០ហិកតា នៅក្នុងឃុំចំនួន៤ នៃស្រុកសំបូរ ខេត្តក្រចេះ ។

លោក គង់ មេត្តា អភិបាលស្រុកសំបូរ បានឲ្យដឹងថា មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបានសហការជាមួយនឹងមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តអាជ្ញាធរភូមិ ឃុំ បានចុះអប់រំផ្សព្វផ្សាយពីវិធានការ ការពារនិងការកំចាត់ដង្កូវហ្វូង ដែលស៊ីបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋនៅឃុំមួយចំនួន ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។

លោកអភិបាលបានបញ្ជាក់ដែលថា នៅក្នុងការចុះអប់រំផ្សព្វផ្សាយនោះមន្ត្រីជំនាញ បានណែនាំដល់ប្រជាកសិករនូវវិធានការ ៤ចំណុចសំខាន់ ដើម្បីចូលរួមការពារទប់ស្កាត់និងការកំចាត់សត្វដង្កូវហើយបានទាន់ពេលវេលា។ វិធានការទាំង ៤រួមមាន៖ ការជីកបង្ហូរស្ទាក់កម្ចាត់ដោយដាក់ផេះឬកន្ទក់ក្នុងចង្អូរ, ពន្លិចទឹកក្នុងស្រែឲ្យផុតចុងស្រូវរយៈពេលចន្លោះ២ទៅ៣ថ្ងៃ, សម្អាតស្មៅក្នុងនិងតាមភ្លឺស្រែ, ផលិតអន្ទាក់ជូរអែមដើម្បីចាប់ពពួកមេអំបៅ និងបាញ់ថ្នាំកសិកម្មដែលមានលក់លើទីផ្សារ ដូចជាថ្នាំដែលមានធាតុសកម្ម Cypermethrin ឬ Carbaril ។

តាមការឲ្យដឹងពីមន្ត្រីជំនាញ ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះសត្វដង្កូវហ្វូងកំពុងស៊ីបំផ្លាញដំណាំប្រជាពលរដ្ឋចំនួន ៩៨០គ្រួសារ ស្មើនឹង១៣៨០ហិកតា នៅក្នុងឃុំចំនួន៤ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ដំណាំស្រូវប៉ះពាល់ចំនួន១០៨៧ហិកតា ស្មើ ៨៧៧គ្រួសារ ក្នុងនោះ នៅឃុំសណ្តាន់ ចំនួន ១២គ្រួសារ ស្មើនិង៣០ហិកតា ឃុំកំពុងចាមប៉ះពាល់ ចំនួន១៧៣គ្រួសា ស្មើនិង១៥៩ហិកតា ឃុំកោះខ្ញែរប៉ះពាល់ចំនួន៤១៣ គ្រួសារ ស្មើនិង៧០៦ហិកតា និងឃុំសំបូរ ប៉ះពាល់២៧៩គ្រួសារស្មើនិង ១៩២ហិកតា។ ដោយឡែកដំឡូងមីចំនួន ១០៣ គ្រួសារ ស្មើនឹង ២៩៣ហិកតា ក្នុងនោះឃុំសណ្តាន់ប៉ះពាល់ចំនួន៨០ គ្រួសារស្មើនឹង១៨៨ហិកតា និងឃុំកោះខ្ញែរចំនួន២៣គ្រួសារស្មើនឹង ១០៥ហិកតា៕