(ភ្នំពេញ)៖ ការជួសជុលចាក់ផ្លូវបេតុងគ្មានសរសៃដែកប្រវែង ១,២៨៩ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០១៥,ម៉ែត្រ និងដាក់លូមូលរំដោះទឹកប្រវែង ៧៧៥ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ និងជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ នៅភូមិព្រែកតានូ, ភូមិព្រែកតានូ១, ភូមិព្រែកតានូ២, ភូមិព្រែកតាគង់, និងភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានប្រកាសបើកការដ្ឋានកសាងស្ថាបនាចាប់ពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅក្រោមវត្តមានលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ។

លោក សេង គន្ធ នៅក្នុងពិធីប្រកាសបើកការដ្ឋាននេះ បានថ្លែងថា ចំពោះការបើកការដ្ឋានសាងសង់ផ្លូវ និងប្រព័ន្ធលូនាពេលនេះ គឺបានបង្ហាញពីសមិទ្ធផលថ្មីបន្ថែមទៀត លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋក្នុងមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋ កាន់តែផ្តល់នូវការជឿជាក់ពី១ថ្ងៃទៅ១ថ្ងៃ ទៅលើការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកអភិបាលខណ្ឌមានជ័យ បន្តថា ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សំដៅដល់ការជួសជុលផ្លូវ និងការដាក់ប្រព័ន្ធលូនេះដែរ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមផ្លូវបេតុង និងប្រព័ន្ធលូជាច្រើនផ្សេងទៀត ក្នុងមូលដ្ឋានដែលជាចំណងដៃ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌមានជ័យ។

លោកអភិបាលខណ្ឌមានជ័យ បានថ្លែងទៀតថា សម្រាប់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់សំខាន់ និងចាត់ទុកជាបញ្ហាអទិភាព លើការខិតខំកសាងទាំងផ្លូវ និងប្រព័ន្ធលូ ជាមួយបញ្ហាផ្សេងៗមួយចំនួនទៀត ក្នុងគោលបំណង ដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ ក៏ដូចជា ជួយលើកកម្ពស់នូវសោភ័ណ្ឌភាពកាន់តែល្អប្រសើរមួយកម្រិតទៀត ជូនបងប្អូនប្រជាពលរដ្ឋ។

លោក សេង គន្ធ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ជួយថែទាំផ្លូវ ដើម្បីប្រើប្រាស់បានយូរអង្វែង ក្រោយពីកសាងរួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ ពិសេសសុំការយោគយល់ និងអធ្យាស្រ័យផងដែរ ពីបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវនេះ ព្រោះនៅពេលស្ថាបនាតែងតែមានការប៉ះពាល់តិចឬច្រើនតាមជាក់ស្ដែង ហើយសំខាន់ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការជួសជុលនាពេលនេះ ត្រូវយកចិត្តទុកដាក់ធ្វើឲ្យបានហ្មត់ចត់តាមស្តង់បច្ចេកទេស និងធានាបានទាំងគុណភាពទៀតផង៕