(ត្បូងឃ្មុំ)៖ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» រយៈពេលជិត០៣ឆ្នាំ បានជួយសម្រួលយ៉ាងធំធេង ដំណើរឆ្លងកាត់ទន្លេ។ ស្ពាននេះពិសេសបំផុតដោយសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា «ស្ពានភ្ជាប់និស្ស័យ» រវាងអ្នកខេត្តបងប្អូនទាំងពីរ៖ កំពង់ចាម និងត្បូងឃ្មុំ ផ្តល់ភ័ព្វសំណាងដល់អ្នកខេត្តនៅភូមិភាគឦសានក្រចេះ ស្ទឹងត្រែង រតនគិរី។

សម្តេចតេជោមានប្រសាសន៍ថា ស្ពាននេះមានន័យទូលំទូលាយបំផុត រួមមាន៖

*ស្ពានភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន
*ស្ពានរភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋនៃទឹកដីនៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅទឹកដីនៃស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ
*ជាពិសេសមួយទៀត គឺភ្ជាប់និស្ស័យរវាងរូបសម្តេចតេជោផ្ទាល់ជាមួយនឹងឧត្ដមភរិយា ដែលសម្តេចមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បើគិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ មានអាយុកាលប្រមាណជិត០៣ឆ្នាំហើយ ជួយសម្រួលយ៉ាងធំធេង ដំណើរឆ្លងកាត់ទន្លេរបស់ពលរដ្ឋ។

ស្ពាននេះ ចំណាយថវិកាសាងសង់អស់ប្រមាណ ៥៧លានដុល្លារ ប្រើពេលសាងសង់រយៈពេល៤២ខែ ដោយចាប់ផ្តើមនៅត្រើយខាងលិច នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។

ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ៕