(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានធ្វើការចោទប្រកាន់លើជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ៥នាក់ ពីបទ កាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែលមិនមានសញ្ជាតិខ្មែរ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ៨៨០ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទងនឹងជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ ៥នាក់ មានគ្នាសរុបចំនួន៦នាក់ សមត្ថកិច្ចបានឃាត់ខ្លួនចំនួន ៤នាក់ និងបក្ខពួក២នាក់បានគេចខ្លួន។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបាន សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ៖

*ទី១៖ ជនជាតិវៀតណាមម្នាក់ ពីបទ កាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយ ខុសច្បាប់ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចសង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

*ទី២៖ ជនជាតិខ្មែរ៥នាក់ (ក្នុងនោះមានមុខរបរជា មន្ត្រីនគរបាលជាតិ២នាក់ សមាជិកក្រុមប្រឹក្សា សង្កាត់១នាក់ និង២នាក់ជាប្រជាពលរដ្ឋបានគេចខ្លួន) ពីបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែល មិនមានសញ្ជាតិខ្មែរ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចសង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរលេខ ១៣៣៨ អយធ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕