(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងការចុះផ្សាយតាមបណ្តាញព័ត៌មានសង្គម ដែលលើកឡើងថា មានការបែកធ្លាយរឿងប្រធានឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយ បំផ្លាញព្រៃឈើដ៏ធំធេង។

ក្នុងសេចក្តីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម របស់គណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ដែលមានខ្លឹមសារថា៖ បែកធ្លាយរឿងប្រធានឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយ បំផ្លាញព្រៃឈើដ៏ធំធេង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ ចាត់វិធានការផង។

សេចក្តីបំភ្លឺព័ត៌មាននោះបន្តថា ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖

*ទី១៖ កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងឋានៈជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងដោយមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យ ឆែកឆេរទីតាំង៣កន្លែង នៅឃុំឈើតុំ ស្រុកក្រគរ ដោយរកឃើញឈើចម្រុះប្រភេទ និងមធ្យោបាយ ប្រព្រឹត្តបទល្មើសមួយចំនួន នៅទីតាំងរបស់ឈ្មោះ កោះ សំភី (ហៅតាហយ) ដែលបានរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្ន ជំនាញមានសមត្ថកិច្ចកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីស្វែងរកចាប់ខ្លួនឈ្មោះ កោះ សំភី (ហៅតាហយ) និងបក្ខពួក ព្រមទាំងអ្នកពាក់ព័ន្ធឱ្យខាងតែបាន។

*ទី២៖ តាមការស្រាវជ្រាវ ស៊ើបអង្កេតរបស់ស្ថាប័នជំនាញ លោក រី ភារម្យ ប្រធានការិយាល័យឧទ្យានជាតិ និងជានាយកឧទ្យានជាតិជួរភ្នំក្រវាញ ពុំមានឈ្មោះជាប់ពាក់ព័ន្ធដូចការចុះផ្សាយនោះឡើយ។

*ទី៣៖ មកទល់ពេលនេះ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្ត បាននិងកំពុងបំពេញតួនាទី ភារកិច្ច របស់ខ្លួនយ៉ាងសកម្ម ពុំមានការដកតួនាទី ភារកិច្ចពីប្រធានមន្ទីរ ដើម្បីដាក់លោក រី ភារម្យ ជាបេក្ខភាព ជំនួសដូចការចោទប្រកានរបស់គណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ចុះផ្សាយឡើយ។

*ទី៤៖ តាំងពីការចូលកាន់តំណែងជាអភិបាលខេត្ត លោក ខូយ រីដា បានចាត់ទុកការបម្រើប្រជាពលរដ្ឋ និងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសជាកិច្ចការអាទិភាពបំផុត និងបានចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសជាបន្តបន្ទាប់។

ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធចំពោះការចុះផ្សាយរបស់គណនី ហ្វេសបុកផេក ផែនដីថ្មី PDT-news ដែលជាការចុះផ្សាយមានលក្ខណៈញុះញង់ បំបែកបំបាក់ផ្ទៃក្នុងអង្គភាព ផ្សាយបំភ្លើសពីការពិត មូលបង្កាច់ និងធ្វើការវាយតម្លៃថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានត្រឹមត្រូវ ដើម្បីកេងយកចំណេញ ប្រយោជន៍អ្វីមួយក្នុងវិជ្ជាជីវៈរបស់ខ្លួនប្រាស់ចាកពីក្រមសីលធម៌ជាអ្នកសារព័ត៌មាន។

រដ្ឋបាលខេត្តសូមស្នើឱ្យគណនីហ្វេសបុកផេក ផែនដីថ្មី PDT-news ធ្វើការកែតម្រូវអំពីការចុះផ្សាយបំភ្លើស ការពិតរបស់ខ្លួនឡើងវិញជាបន្ទាន់៕