(ក្រចេះ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យក្រចេះ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានសហការគ្នារៀបចំសិក្ខាសាលា ស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ជូនដល់និស្សិតសាកលវិទ្យាល័យក្រចេះ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោកបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅសម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះ ក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែម ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ លោក ស៊ីយ៉ា ម៉ាលីដា នាយកការិយាល័យប្រតិបតិ្តការមូលបត្រ និងបរធនបាលកិច្ចនៃធនាគារអេស៊ីលីដា ភីអិលស៊ី វាគ្មិនតំណាងពីធនាគារអេស៊ីលីដា ភីអិលស៊ី សាស្រ្តាចារ្យ និស្សិតនៃសាកលវិទ្យាល័យក្រចេះ និងលោកគ្រូអ្នកគ្រូ សិស្សមកពីវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រចេះក្រុង វិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ និងវិទ្យាល័យ ខូវប៊ុនស៊ុន ក្រចេះក្រុង ផងដែរ៕