(បាត់ដំបង)៖ លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសបញ្ចូលសមាជិកគ្រីស្ទបរិសុទ្ធ ជាសមាជិកស្ម័គ្រចិត្តក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងជាសមាជិកគណៈកម្មាធិការរណសិរ្សខេត្តបាត់ដំបង ជាគណៈអធិបតីកិត្តិយស ព្រមទាំងមានការចូលរួមពីសមាជិករណសិរ្សសរុប ២៥០នាក់។

លោក អ៊ុយ រី បានរាយការណ៍ជូនគណៈធិបតីអំពីវឌ្ឍនភាពការងារកន្លងមករបស់ គណៈកម្មាធិការរណសិរ្សខេត្តបាត់ដំបង និងលើកទឹកដល់គ្រីស្ទបរិស័ទនៅក្នុងខេត្តបាត់ដំបង ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់សហគមន៍។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានរាយការណ៍សង្ខេបអំពីលទ្ធផលសកម្មភាពចូលរួមការងារបណ្តុះបណ្តាលការងារមនុស្សធម៌ជួយសង្គម ពិសេសបានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយបានបណ្ដុះបណ្ដាលជនបង្គោលរបស់ខ្លួនចំនួនជាង៥០០នាក់ និងក្នុងវិស័យអន្តរសាសនាបានជាង ៣៤០អង្គ/នាក់ ។

លោក ញ៉ែម វ៉ាលី បាននាំនូវការសួរសុខទុក្ខនឹករឮកពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដល់សមាជិកទាំងអស់គ្នាផងដែរ។ បន្ថែមពីនេះ លោកក៏បានថ្លែងប្រាប់សមាជិកសមាជិកាដែលបានចូលរួមពីអត្ថន័យពិតប្រាកដនៃរណសិរ្ស ដែលជាចលនាមហាជន ដែលកើតមកពីប្រជាជនទាំងអស់គ្នា គ្រប់មជ្ឈដ្ឋាន ជំនឿសាសនា ។ល។ លោកក៏បានបញ្ជាក់ ក្រោយថ្ងៃរំដោះ៧មករា ដែលទទួលបានយ៉ាងលំបាក ព្រោះយើងមានឥស្សរជនដ៏ឆ្នើមដូចជា សម្តេចអគ្គមហាធម្មាពោធិសាល ជា ស៉ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនឆ្នើមផ្សេងៗទៀតផងដែរ ដែលលោកទាំងនេះបានបូជាសាច់ស្រស់ឈាមស្រស់ យកជីវិតទៅប្តូរក្នុងបុព្វហេតុសុខសន្តិភាព សេរីភាព សិទ្ធិរស់រានមានជីវិត និងសិទ្ធិជាច្រើនទៀតជូនប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។

ជាងនេះទៅទៀត លោក ញ៉ែម វ៉ាលី បានបញ្ចាក់ថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា មិនមានការរើសអើងប្រកាន់វណ្ណៈ ជំនឿសាសនាណាមួយឡើយ គឺព្យាយាមរក្សាការទំនាក់ទំនងល្អ សុខដុមរមនីយកម្ម ក្នុងវិស័យសាសនា។ លោក ក៏បានប្រគល់ជូននូវសៀវភៅជីវប្រវត្តិតស៊ូរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងកម្រងឯកសារមហាសន្និបាតក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដល់គណៈកម្មាធិការរណសិរ្សខេត្តបាត់ដំបង និងក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា។

ជាថ្មីម្ដងទៀត លោក ញ៉ែម វ៉ាលី ក៏បានស្នើសុំឲ្យបងប្អូនគ្រីស្ទចូលរួមគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ និងគាំទ្រនូវគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានប្រមុខដឹកនាំវ័យក្មេងដ៏ពូកែ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ជឿនលឿនទៅមុខ ពិសេសសុខដុមនីយកម្មសាសនានៅកម្ពុជា៕