(សៀមរាប)៖ ប្រជាពលរដ្ឋដែលបរិច្ចាគហូលពិតានជូនទៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប គឺមានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាននៅក្នុងសង្គមខ្មែរទៅកាន់សារធារណជន ព្រមទាំងបណ្ដុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។

គួរបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានទទួលអំណោយហូលពិតានចំនួន៣ផ្ទាំងពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ ហូលពិតាននេះមានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។

យាយ លឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បានឱ្យដឹងថា គាត់ចេះជំនាញត្បាញហូលតាំងពីអាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។ ថ្វីដ្បិតតែសព្វថ្ងៃ គាត់មានវ័យជរាមិនអាចត្បាញបាន ក៏ប៉ុន្តែគាត់បរិច្ចាគហូលពិតានចំនួន១ផ្ទាំង ដែលជាស្នាដៃចុងក្រោយសម្រាប់ជាទាន មកដល់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីអភិរក្សនិងតាំងបង្ហាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ

លោកយាយ លឹម មាជ បង្ហាញទឹកចិត្តត្រេកអរជាខ្លាំងក្នុងការធ្វើអំណោយហូលពិតានដល់សារមន្ទីរ ដោយលោកយាយាចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងជួយថែរក្សាកុំឱ្យបាត់បង់។

អ្នកស្រី គង់ សុភ័ក្រ មន្រ្តីអភិរក្សវាយនភណ្ឌនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា ថ្មីៗនេះសារមន្ទីរទទួលបានសមុច្ច័យចំនួន៤៤ ពីប្រជាពលរដ្ឋ២៧គ្រួសាររស់នៅខេត្តតាកែវ។ ក្នុងចំណោមនោះ មានហូលពិតានចំនួន៣ ហើយហូលពិតាននេះមានតួនាទីសំខាន់ដូចជារូបព្រះបត់ដែរ ដែលពួកគាត់ត្បាញសម្រាប់តាំងនៅទីសក្ការៈ ឬវត្តអារាម និងមានអ្នកជាវដើម្បីប្រគេនព្រះសង្ឃជាដើម។

អ្នកស្រី សុភ័ក្រ បានបន្តថា ស្នាដៃសិល្បៈត្បាញហូលពិតានរបស់អ្នកខេត្តតាកែវ គឺមានជាច្រើនជំនាន់មកហើយ ដែលផ្ទេរជំនាញនេះបន្តគ្នារហូតមកដល់សព្វថ្ងៃ។ អ្នកស្រី គង់ សុភ័ក្រ បានពន្យល់ថា បច្ចុប្បន្ននេះ កូនខ្មែរជំនាន់ក្រោយ មិនសូវស្គាល់ហូលពិតាននេះទេ គឺស្គាល់តែហូលដែលគេត្បាញសម្រាប់កាត់ជាសម្លៀកបំពាក់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រៅពីតាំងបង្ហាញសម្លៀកបំពាក់សហសម័យ និងឧបករណ៍តម្បាញ់មកពីបណ្តាប្រទេសចំនួន៥ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ ក៏មានការអភិរក្ស និងតាំងបង្ហាញជាអចិន្ត្រៃយ៍នូវហូលពិតានចំនួន៦ផ្ទាំង មានក្បាច់គោមសាច់រឿងពុទ្ធប្រវត្តិ ក្បាច់គោមសត្វហង្ស និងក្បាច់គោមសត្វនាគជាដើម៕