(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដើម្បីធានា ការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានយកឱកាសនេះសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានសហការជាមួយរដ្ឋបាលខេត្កកំពង់ចាម ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ អំពីខ្លឹមសារនៃច្បាប់នេះ ជូនដល់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តច្បាប់ដែលពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ការរៀបចំបាននូវប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិដែលមានការឆ្លើយតប និងអាចជឿទុកចិត្តបាន គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ការការពារបុគ្គលគ្រប់រូបឱ្យទទួលបាននូវសិទ្ធិប្រជាពលរដ្ឋ សង្គម និងសិទ្ធិនយោបាយ ព្រមទាំងសេវាទាំងឡាយដែលបុគ្គលទាំងនោះត្រូវទទួលបាន។

ក្នុងន័យនេះ ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានដំណើរការល្អនឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះ យើងអាចទប់ស្កាត់បានអំពើជួញដូរមនុស្ស និងពលកម្មកុមារ ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង (អនីតិជន) និងធានាបានការចូលរួមបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម៕