(ភ្នំពេញ)៖ ដើម្បីជួយពន្លឿនការលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្តាយទៅកូននៅទូទាំងប្រទេសកម្ពុជា ក្រសួងសុខាភិបាលបានជំរុញឱ្យសេវាសុខាភិបាលឯកជនចូលរួមក្នុងការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្ដាយទៅកូន (PMTCT)។

ការជំរុញនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្ដាយទៅកូននៅសេវាសុខាភិបាលឯកជន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បណ្តាអង្គភាពពាក់ព័ន្ធផ្សេងៗ
ព្រមទាំងអង្គការជាតិនិងអន្តរជាតិនានាជាដៃគូ និងមានការឧបត្ថម្ភដោយមូលនិធិសកល។ គោលបំណងសំខាន់សម្រាប់សិក្ខាសាលានេះ គឺពិភាក្សានិងពិគ្រោះយោបល់លើសេចក្តីព្រាងនិយាមបែបបទប្រតិបត្តិស្ដីពីការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្ដាយទៅកូន នៅសេវាសុខាភិបាលឯកជន ដើម្បីឈានទៅបញ្ចប់ និងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេស ដើម្បីជួយពន្លឿនការលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្តាយទៅកូននៅប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានឱ្យដឹងថា ពាក់ព័ន្ធនឹងកម្មវិធីលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្តាយទៅកូន រាជរដ្ឋាភិបាលបានដាក់ផែនការឱ្យក្រសួងសុខាភិបាល ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធចូលរួមសម្រេចឱ្យបាននូវកម្មវិធីនេះនៅត្រឹមឆ្នាំ២០២៥។ ដូច្នេះក៏ទាមទារឱ្យមានការចូលរួមឱ្យបានពេញលេញពីសេវាសុខាភិបាលឯកជនផងដែរ ទាក់ទងនឹងសេវាបង្ការ ធ្វើតេស្ត និងផ្ដល់ការព្យាបាលឱ្យបានទាន់ពេល។

នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ អ៉ឹម សិទ្ធិការ្យ បានលើកឡើងថា វឌ្ឍនភាពរបស់កម្មវិធីជាតិការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្ដាយទៅកូន មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
សេវាគ្របដណ្តប់នៃការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្ដាយទៅកូន សម្រេចបាននៅទូទាំងប្រទេសនាឆ្នាំ២០២២។ អត្រាស្ត្រីមានផ្ទៃពោះទទួលបានការពិនិត្យមុនសម្រាលយ៉ាងតិចមួយដង បានកើនឡើងដល់៩៩% ហើយភាគរយស្រ្តីមានផ្ទៃពោះបានទទួលការធ្វើតេស្តរកមេរោគេអដស៍ រក្សាបានលើសពី៩៥% ចាប់តាំងពីឆ្នាំ២០២១មក។ ស្រ្តីមានផ្ទៃពោះដែលវិជ្ជមានមេរោគអេដស៍បានទទួលការព្យាបាល បានកើនឡើងពី ៣៧% នៅឆ្នាំ២០១០ មកដល់ ៩៦%
នាឆ្នាំ២០២៣។ លទ្ធផលនេះ បានធ្វើឱ្យមានការធ្លាក់ចុះជាលំដាប់នៃការប៉ាន់ប្រមាណចំពោះការចម្លងមេរោគអេដស៍ពីម្តាយទៅកូនពី ១៧.៥% ក្នុងឆ្នាំ២០១៥ មកត្រឹម ៨.២% នៅឆ្នាំ២០២៣។

លោកស្រីរដ្ឋលេខាធិការក៏បានផ្ដល់អនុសាសន៍ដល់អង្គសិក្ខាសាលាលើចំណុចអាទិភាពមួយចំនួន ដែលត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដើម្បីឈានទៅសម្រេចផែនការលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេពីម្តាយទៅកូននេះ៖
ទី១. បង្កើនការធ្វើតេស្តរកមេរោគអេដស៍ និងមេរោគស្វាយ ក្នុងអំឡុងពេលមានផ្ទៃពោះឱ្យបានលើសពី ៩៥%។
ទី២. ពង្រឹងការថែទាំការព្យាបាលសម្រាប់ស្រ្តីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍ឱ្យបានបានលើសពី ៩៥%។
ទី៣. ពង្រឹងការព្យាបាល និងការតាមដានបន្តចំពោះទារកដែលប្រឈមនឹងមេរោគអេដស៍ ឱ្យបានលើសពី ៩០%។
ទី៤. ពង្រឹងការព្យាបាលជំងឺស្វាយក្នុងពេលមានផ្ទៃពោះ ឱ្យបានលើសពី ៩០%។
ទី៥. រៀបចំឱ្យមានការចូលរួមអនុវត្តកម្មវិធី PMTCT នៅសេវាឯកជន។
ទី៦. ពង្រីកការផ្តល់សេវា PMTCT ជំងឺរលាកថ្លើមប្រភេទបេទៅ២០ស្រុកប្រតិបត្តិបន្ថែមទៀត។

សូមបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកបច្ចេកទេសមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា
និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាយកដ្ឋានមន្ទីរពេទ្យនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតំណាងមកពីដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងតំណាងពីសេវាសុខាភិបាលឯកជន សរុបប្រមាណ៧៥រូប៕