(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើមត្រៀមដាក់សម្ពោធនៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

មហាវិថី ស៊ី ជីនពីង ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែង ៤៧,១០គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។

មហាវិថី ស៊ី ជីនពីង ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុងយុគសម័យតេជោសន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលជូលដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងយូរអង្វែង៕