Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល បាញ់ទម្លាក់មីស៊ីល ដែលបានបាញ់ចេញពីប្រទេសស៊ីរី

17-09-2016 23:18

(អ៊ីស្រាអែល)៖ យោធាអ៊ីស្រាអែលបានអះអាងថា ប្រព័ន្ធការពារមីស៊ីល «Iron Dome» របស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលពីរគ្រាប់ ដែលត្រូវបានបាញ់ ក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី។ នេះបើតាមការផ្សាយដោយ Reuters នាយប់ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញ ឆ្នាំ២០១៦។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែលបានឲ្យដឹងថា កន្លងមកជាញឹកញាប់ ការជ្រុលជ្រួសដែលបង្ក ដោយការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី តែងកើតមានឡើងនៅក្នុងតំបន់ Golan Heights ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអ៊ីស្រាអែល ប៉ុន្តែនេះជាលើកទីមួយហើយដែលប្រព័ន្ធការពារមីស៊ីល Iron Dome ត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ការជ្រុលជ្រួសនេះ។

សេចក្តីថ្លែងការណ៍របស់ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា គ្មានមនុស្សទទួលរងរបួស ដោយសារការបាញ់មីស៊ីលនេះឡើយ ហើយការបាញ់មីស៊ីល ចូលមកទឹកដីអ៊ីស្រាអែលនេះ គឺទំនងជាការបាញ់ ដោយអចេតនា។

គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបាន ដាក់ពង្រាយប្រព័ន្ធ Iron Dome នៅតាមតំបន់មួយចំនួន ដែលបានទទួលរងការវាយលុក ជាញឹកញាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទ៊ីន ហើយប្រព័ន្ធនេះ ជាទូទៅនឹងធ្វើការបាញ់ទប់ស្កាត់ ចំពោះតែមីស៊ីលណា ដែលត្រូវបានបាញ់សំដៅ មករកតំបន់ដែលមានប្រជាជនច្រើន តែប៉ុណ្ណោះ៕