(ស្ទឹងត្រែង)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា អតីតយុទ្ធជន គឺជាជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងជានិមិត្តរូបនៃ ស្មារតី លះបង់ ពលីកម្មដើម្បីជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតៗ មិនមានជនណាម្នាក់ មើលរំលងបានឡើយ។ លោកអភិបាលខេត្តបន្តថា ស្ថិតក្នុងដំណាក់កាលថ្មីនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតយុទ្ធជនគឺបន្តបានការតម្លើងប្រាក់ប្រចាំឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។ ជារួមសមាគមអតីតយុទ្ធជនក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានខិតខំក្នុងការពង្រឹង ពង្រីកតួនាទីរបស់អតីតយុទ្ធជន ក្នុងការកែសម្រួលជីវភាពរស់នៅដើម្បីឆ្លើយតបទៅ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។

លោកកិត្តិសង្គហបណ្ឌិត គន់ គីម បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់សមាគមខេត្ត។

លោកលើកឡើងថា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលីមរណៈ ជនពិការ និងនិវត្តជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ក៏ដូចជាថ្នាក់ដឹកនាំសមាគម តាមបណ្តាខេត្តដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន៕