(កំពង់ចាម)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងចំនួន៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ខ្សែផ្លូវទាំង៣ខ្សែនោះរួមមាន៖

- ខ្សែផ្លូវទី១៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងមានប្រវែងសរុប ១៣,៥២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលត្រាច ឃុំទ្រាន ទៅដល់ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយមានរយៈពេលសាងសង់ចំនួន ១៨ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ (RCIP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។

- ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,៨៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ទៅដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម ដែលបានស្ថាបនាចប់ជាស្ថាពរនៅដើមឆ្នាំ២០២៤។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរភាពបរិស្ថាន (CFACV) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

- ខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង ដែលមាន ៣កំណាត់ ប្រវែងសរុប ៦,១០០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ឆ្លងកាត់ឃុំទ្រា ទៅឃុំក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២៤ មានរយៈពេលសាងសង់ចំនួន ១២ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថាបនាដោយកងវិស្វកម្ម ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។

ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងអ្នកទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ លោករដ្ឋមន្ដ្រី ក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ។

លោកបានលើកឡើងថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ៕