(តាកែវ)៖ លោក ចេង ជីជុន ប្រធានសមាគមកាបូបស្បែកជើងនិងអេឡិចត្រូនិចកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនគ័នតិចគ្រុប រួមជាមួយនិស្សិតដែលមកពីតៃវ៉ាន់ចំនួន១៦នាក់ ដឹកនាំដោយលោកនាយកសាកលវិទ្យាល័យ Providence បានរួមគ្នាបង្កើតនូវកម្មវិធីបង្រៀនអំពីការរស់នៅប្រចាំថ្ងៃ អនាម័យ និងចែកអំណោយជាសម្ភារសិក្សាដល់កុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តតាកែវ។

ពិធីនេះដែរធ្វើឡើងរយៈពេល២ថ្ងៃ ថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងបិវេណមណ្ឌលកុមារកំព្រា។

លោក ចេង ជីជុន ប្រធានសមាគមកាបូបស្បែកជើងនិងអេឡិចត្រូនិចកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនគ័នតិចគ្រុប បានគូសបញ្ជាក់ថា ក្រុមនិស្សិតដែលមកពីតៃវ៉ាន់ដឹកនាំដោយសកលវិទ្យាល័យ មកប្រទេសកម្ពុជា ក្នុងគោលបំណង ទស្សនកិច្ចសិក្សាស្វែងយល់ពីប្រទេសកម្ពុជា ទៅលើវប្បធម៌នៃការរសនៅរបស់ប្រជាជនកម្ពុជា ស្វែងយល់ពីលក្ខខណ្ឌការងារ និង ស្វែងយល់ពីសក្ដានុពល និង លក្ខខណ្ឌវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីយកទៅជួយផ្សព្វផ្សាយបន្តនៅសារព័ត៌មានតៃវ៉ានផងដែរ។
លោក ចេង ជីជុន បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក្រុមនិស្សិតតៃវ៉ាន់បានរៀបចំកម្មវិធីចុះសួរសុខទុក្ខក្មេងកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តតាកែវ និងបានរៀបចំកម្មវីធីបង្រៀនដល់កុមាកំព្រាដូចជា បង្រៀន កុមារកំព្រាផាត់ពណ៌លើផ្ទាំងថ្មបង្រៀនកុមារបត់ក្រដាស់រាងជាបេះដូង កាត់សក់ឲ្យកុមារក្នុងមណ្ឌល បង្រៀនកុមារពីការសម្អាតមាត់ធ្មេញ និង អនាម័យលាងសម្អាតដៃមុនពេលញុំអាហារ។ ព្រមទាំងបានរៀបចំអាហារសាមគ្គីជាមួយគ្នាពេលថ្ងៃត្រង់ ហើយបន្តនាំកុមារលេងល្បែងកំសាន្តមួយចំនួនទៀត ពិសេសទៀតនោះការចុះមកមើលផ្ទាល់អំពីស្ថានភាពរបស់ក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា ដើម្បីបានដឹងអំពីតម្រូវការ និងអាចជួយអ្វីបានខ្លះទៅដល់កុមារកំព្រានៅទីនេះ ក្រោយពេលត្រឡប់ទៅតៃវ៉ាន់វិញ។

លោក ចេង ជីជុន ក៏បានធ្វើការផ្តាំផ្ញើទៅដល់កុមារៗថា ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រឱ្យបានពូកែ ក្លាយខ្លួនទៅជាក្មេងល្អ សិស្សល្អ កូនល្អ ហើយក្មួយៗនៅទីនេះ ជាអនាគត់ដ៏សំខាន់របស់ប្រទេសជាតិ ដូច្នោះហើយសូមក្មួយៗយកភាពលំបាកនាពេលបច្ចុប្បន្ន មកខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានដ៏ចាំបាច់មួយនៅក្នុងសង្គម ហើយថ្ងៃនេះយើងបានបង្កើតកម្មវិធីឱ្យកុមារមានភាពសប្បាយរីករាយជាច្រើនផងដែរ ជាការចងចាំនឹងជាអនុស្សាវរីយ៍ដ៏ល្អមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឱកាសជួបគ្នានឹងស្វែងយល់ពីគ្នាក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ។

លោក ចេង ជីជុន បានរៀបចំយកនូវអំណោយសម្ភារៈសិក្សារ និង ស្បៀងអាហារ មួយចំនួនទៅ ចែកជូនដល់កុមាកំព្រាទាំង៥៧រូប ដោយម្នាក់ៗ ទទួលបានសម្ភារៈសិក្សា សៀវភៅ ប៊ិច ប៊ិចផាត់ពណ៌ ដោយឡែកក៏បានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រានូវគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ មី ទឹកស៊ីអីវ នឹងពងមាន់ជាច្រើនរយគ្រាប់ថែមទៀត៕