(ភ្នំពេញ)៖ ជំងឺមហារីកសុដន់ ឈរនៅលំដាប់ទីមួយក្នុងចំណោមជំងឺមហារីកទាំងអស់ដែលមានលើស្រ្តី អត្រាមរណភាពជំងឺមហារីកសុដន់ខ្ពស់ជាងគេ ក្នុងចំណោមជំងឺមហារីកទាំងឡាយដែលកើតមានលើស្រ្តី នៅក្នុងពិភពលោក ហើយយោងតាមការប៉ាន់ប្រមាណរបស់វិទ្យស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍរបស់បារាំង (IRD) បានឱ្យដឹងថា «ស្ត្រី៥០នាក់ក្នុងចំណោម ១០០,០០០នាក់ នៅកម្ពុជាមានជំងឺមហារីកសុដន់»

គ្រប់បណ្តាលប្រទេសទាំងអស់លើសកលលោកជំងឺមហារីកជាឃាតករលាក់មុខ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក ជំងឺមហារីកនៅកម្ពុជាមាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា កំពុងយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ និងដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវនេះ។

ជំងឺមហារីកសុដន់នេះអាចព្យាបាលឱ្យជាសះស្បើយ បើត្រូវបានរកឃើញនៅដំណាក់កាលដំបូង ប៉ុន្តែការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ អាចដោយសារភាពអៀនខ្មាស់ អ្នកជំងឺភាគច្រើនមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ក្នុងសភាពយឺតពេលដែលស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ត្រូវចំណាយថវិកាច្រើន ហើយក៏មានជម្រើសត្រឹមការព្យាបាលបន្ធូរបន្ថយតែប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលារបស់គម្រោង SENOVIE ស្តីពី «ជំងឺមហារីកសុដន់» នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដែលគម្រោងនេះត្រូវបានបង្កើតឡើងដោយមន្ទីរពេទ្យកាល់ម៉ែត និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍរបស់ប្រទេសបារាំង ក្រោមជំនួយពីស្ថានទូតបារាំងនៅកម្ពុជា។

ក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យ ហ៊ុន ចំរើន បានថ្លែងបន្ដថា «ជំងឺមហារីកសុដន់អាចព្យាបាលជា ប្រសិនបើយើងរកឃើញក្នុងដំណាក់កាលដំបូង សូមលះបង់គំនិតដែលថាកើតជំងឺមហារីកស្មើនឹការស្លាប់ ដូច្នេះការពិនិត្យសុខភាពស្វែងរកជំងឺមហារីក គឺពិតជាមានសារៈសំខាន់ អាចជួយជីវិតអ្នកជំងឺបានទាន់ពេលវេលា និងអាចចៀសផុតពីផលវិបាកធ្ងន់ធ្ងរទាំងឡាយបង្កដោយជំងឺនេះ។ ដូច្នេះការរុករកកាន់តែរហ័ស ការព្យាបាលកាន់តែលឿន ឱកាសនៃការរស់រានមានជីវិតកាន់តែខ្ពស់។ សូមបងប្អូនប្រញាប់មកជួបវេជ្ជបណ្ឌិតជំនាញបើរកឃើញភាពមិនប្រក្រតីហើយ កុំមានភាពខ្មាស់អៀនក្នុងការពិនិត្យសុខភាពឱ្យបានទៀងទាត់ ឬយ៉ាងហោចណាស់រៀងរាល់ ២ឆ្នាំម្ដង» ជីវិតមានតែមួយ ប្រសិនបើអាចប្រើជីវិតមួយបានត្រឹមត្រូវ ហើយល្អនោះ គឺគ្រប់គ្រាន់ហើយ យើងនឹងអាចប្រើប្រាស់ជីវិតបានត្រឹមត្រូវដ្បិតបើកាលណាយើងយល់អំពីអត្ថន័យនៃជីវិត។

យ៉ាងណាមិញដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ ថែទាំនឹងព្យាបាលអ្នកជំងឺ លោកសាស្រ្តាចារ្យក៏បានគូសបញ្ជាក់ផងដែរ សម្រាប់អ្នកចូលរួមអង្គសិក្ខាសាលាមកពីគ្រប់មជ្ឍដ្ឋាន ក្នុងនោះក៏មាននិស្សិតពេទ្យមកសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកម្ពុជាថា «ក្នុងនាមជាពេទ្យប្រសិនបើយើងសម្រេចចិត្តជ្រើសរើសយកមុខជំនាញនេះហើយ គឺដាច់ខាតត្រូវតែមានគុណធម៌នៅក្នុងខ្លួន គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានល្អ ត្រូវចាត់ទុក្ខអ្នកជំងឺដូចជាឪពុកម្តាយបងប្អូនរបស់យើង នោះយើងនឹងទទួលបានមកវិញនូវការដឹងគុណ កុសល្យផលបុណ្យ មានកេរ្ត៏ឈ្មោះ និងកិត្តិយសឧត្តុងឧត្តមបន្សល់ទុកជាគុណប្រយោជន៍។​ ក្នុងនាមជាមនុស្សលោកដែលកើតមកលើភពផែនដីនេះហើយ គ្រប់វិនាទីដែលយើងដកដង្ហើមគឺជាជីវិត ដូច្នេះយើងត្រូវផ្តល់ផលប្រយោជន៍ជូនដល់សង្គមជាតិរបស់យើង ផ្ទុយទៅវិញប្រសិនបើយើងយកវិជ្ជាជីវៈសុខាភិបាលរបស់ខ្លួន ទៅប្រើប្រាស់ក្នុងផ្លូវមិនត្រឹមត្រូវ ដោយគិតតែពីប្រយោជន៍ ឬក៏ដើម្បផលប្រយោជន៍ផ្ទាល់ខ្លួននោះ យើងនឹងមិនស្ថិតនៅលើគន្លងវិថីរីកចម្រើនរបស់វិស័យសុខាភិបាលនោះទេ»

លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន បានថ្លែងបន្ថែមថា «ខ្ញុំសូមផ្តាំផ្ញើពាក្យខ្លះទៅអ្នកទាំងអស់គ្នាថា ការយល់ដឹងគឺជាថាមពលរស់ រស់នៅថ្ងៃនេះសង្ឃឹមថ្ងៃស្អែក ក្តីសង្ឃឹមគឺខ្លាំងជាងការភ័យខ្លាច ភាពក្លាហាននិងក្ដីសង្ឃឹម គឺគាំទ្រដល់ទឹកចិត្តនៃការចូលរួមប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ដើម្បីស្វែងរកការព្យាបាលប្រកបដោយប្រសិទ្ធភាព ហើយបងប្អូននារីគ្រប់រូប សុទ្ធតែអាចតាមដានសុខភាពសុដន់ដោយខ្លួនឯងឱ្យបានទៀងទាត់យ៉ាងហោចណាស់ ១ខែម្តង»

សូមបញ្ជាក់ថាគម្រោង SENOVIE នេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបន្ទាប់ពីគម្រោងនេះបញ្ចប់ នឹងមានទិន្នន័យពិតប្រាកដរបស់អ្នកជំងឺមហារីកសុដន់ ដែលមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត មានព័ត៌មានពិតរបស់អ្នកជំងឺ ដើម្បីធ្វើការសិក្សាបន្តបន្ទាប់ទៀតដោយពឹងផ្អែកលើទិន្នន័យពិត ស្ថានភាពពិត នៅក្នុងប្រទេសដើម្បីឈានទៅរកការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលដោយប្រសិទ្ធិភាព ។ លើសពីនេះទៅទៀតគម្រោងនេះមិនមែនធ្វើការសិក្សាតែលើបច្ចេកទេសវេជ្ជសាស្ត្រនោះទេ គឺសិក្សាទាក់ទងទៅនឹងដំណើររបស់អ្នកជំងឺ (Parcours des Patients) ដែលរាប់បញ្ចូលការស្វះស្វែងរកការព្យាបាល ស្មារតីសតិអារម្មណ៍ ភាពខ្មាស់អៀនជាដើម។

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីបារាំង និងភាគីពាក់ព័ន្ធដ៏ទៃទៀតដែលចូលរួម និងគាំទ្រគម្រោង SENOVIE នេះដំណើរការរលូនប្រកបដោយលទ្ធផលថ្លៃផ្កា។ លោកសាស្រ្តាចារ្យសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងមានភាពស្ថិតស្ថេរយូរអង្វែងដើម្បីជាជំហានបន្ទាប់ក្នុងការធ្វើគម្រោងផ្សេងៗដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជារបស់យើង៕