(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត សាយអា ម៉ាអ៊ូ ព្យូកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ លោកវេជ្ជបណ្ឌិត ព្យូកាឡា ដែលបានជាប់ឆ្នោត និងត្រូវបានតែងតាំងជានាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ កាលពីខែមករា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក ក្នុងការលើកកម្ពស់សុខភាពសកល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការគាំទ្រជាបន្តបន្ទាប់ និងការរួមចំណែករបស់អង្គការនេះ ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីអំពីអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិនេះ ក្នុងការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោកឱ្យកាន់តែជិតស្និទ្ធ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោកវេជ្ជបណ្ឌិត ព្យូកាឡា បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីការអនុម័តលើ WHO Fourteenth General Programme of Work (GPW14) ទិសដៅយុទ្ធសាស្រ្តរបស់អង្គការសុខភាពពិភពលោកសម្រាប់ឆ្នាំ ២០២៥-២០២៨ នាមហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះនៅទីក្រុងហ្សឺណែវ និងវឌ្ឍនភាពនៃសេចក្តីព្រាងចក្ខុវិស័យគាំទ្រសុខភាពគ្រួសារ សហគមន៍ និងសង្គមនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីសេចក្តីព្រាងយុទ្ធសាស្ត្រសហប្រតិបត្តិការកម្ពុជា-អង្គការសុខភាព ពិភពលោក ២០២៤-២០២៨ ដែលកំពុងស្ថិតក្នុងការពិនិត្យចុងក្រោយ។

លោកវេជ្ជបណ្ឌិត បានថ្លែងកោតសរសើរកម្ពុជាដែលបានរួមចំណែកក្នុងការពង្រឹងសុខភាពសកល ជាពិសេសសមិទ្ធផលដ៏សំខាន់ក្នុងអំឡុងពេលកូវីដ-១៩ និងបង្ហាញអំពីឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រកម្ពុជាឱ្យស្របតាមតម្រូវការ និងបរិបទនៅក្នុងប្រទេស៕