(ព្រៃវែង)៖ លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំ ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា រាល់សកម្មភាព របស់លោក និងក្រុមការងារ គឺមិនមែនជារឿងឃោសនាទេ គឺជាឆន្ទះរបស់បងប្អូនទេ ជាអ្នកជ្រើសរើសដោយខ្លួនឯង។ ការអះអាងរបស់លោក ស សុខា នេះបានធ្វើឡើង ខណៈលោក និងក្រុមការងារព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យព្យាបាល ជួបសំណេះសំណាល និងចែកអំណាយដល់ ប្រជាបលរដ្ឋជាច្រើននាក់ នៅក្នុងស្រុកកំពង់ត្របែក និងស្រុកព្រះស្តេច ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សម្រាប់ទីតាំងទី១ ស្ថិតនៅស្រុកកំពង់ត្របែក គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន១២០នាក់ បានចុះព្យាបាលជំងឺប្រជាពលរដ្ឋ១៥០០នាក់ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការអ្វីទាំងអស់ ដែលមានទីតាំងស្ថិតក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្នុងចំណោមអ្នកជំងឺ ១៥០០នាក់ ភាគច្រើនមានជំងឺទូទៅចំនួន១១៥៨នាក់, វះកាត់តូចចំនួន១៨នាក់ ,អេកូបានចំនួន៤២នាក់ និង ពិនិត្យមាត់ធ្មេញ បានចំនួន២៦៥នាក់។
រីឯទីតាំងទី២ ក្នុងស្រុកព្រះស្តេច គឺលោក ស សុខា បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវបណ្ណាល័យ ស សុខា ស្ថិតនៅក្នុងវិទ្យាល័យប្រមូលព្រំ ដែលមានទីតាំងនៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសនោះ លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តព្រៃវែង បានចូលរួម ក្នុងកម្មវិធីដាំកូនឈើ និងបានចូលរួមផ្តល់ថវិកាជូនលោកក្រូអ្នកគ្រូបន្ថែមម៉ោងជូនដល់សិស្សត្រៀមប្រឡងទុតិយភូមិ។
លោកបានបន្តថា «យើងមានឱកាសចំនួនបី គឺ ឱកាសឆ្លៀតឱកាស និងធ្វើឱកាសឲ្យបានល្អផងដែរ។ លោកបានក្រើនរំលឹកដល់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាថា ត្រូវពង្រឹងការងាររបស់ខ្លួនយើង, យុវជនជាគ្រាប់ពេជ្រមិនទាន់ឆ្នៃ, ត្រូវខំប្រឹងប្រែងដោយខ្លួនឯង, បង្កើតបណ្ណាល័យ កន្លែងបង្រៀនកុំព្យូទ័រ, ការអានសៀវភៅអោយបានច្រើន មានការបែកគំនិត,បញ្ហា Face Book , បញ្ជ្រៀបយុវជនទាំងពីរភេទចូលបម្រើការងារជា មេភូមិ ឃុំ និងស្រុក»។
ក្រៅពីនេះ លោក ស សុខា និងក្រុមការងារ ក៏បានចែកមួកសុវត្ថិភាពគ្រប់ទូទាំង១៣ស្រុក ក្រុងក្នុងខេត្តព្រៃវែងមាន៖ ចំនួន៥០០០មួកសុវត្ថិភាព ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ពីធ្ងន់មកស្រាល និង អាត្រាគ្រោះថ្នាក់ពីលេខ៣ទូទាំងប្រទេសមកត្រឹមលេខ៦ ដោយមានការអប់រំនិងយល់ដឹងពីច្បាប់ចរចរណ៍ឲ្យបានច្រើន៕