(ភ្នំពេញ)៖ ជនពិការកំបុតដៃទាំងពីរចំនួន ១៧៨នាក់ ដែលមកពីតាមបណ្ដារាជធានី-ខេត្ដ ចំនួន ២១ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានទទួលថវិកាក្នុងម្នាក់ ចំនួន ១លានរៀល ពីមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា។ ក្នុងនោះក៏មានជនពិការមួយចំនួនទៀត ដែលមិនស្ថិតនៅក្នុងលក្ខខណ្ឌខាងលើ ក៏ទទួលបានថវិកាឧបត្ថម្ភមួយចំនួន ពីមូលនិធិផងដែរ។ ពិធីនេះបានប្រព្រឹត្ដទៅនាសណ្ឋាគារផ្កាយប្រាំ សាន់ & មូន រីវើសាយ។

ថ្លែងក្នុងពិធីជួបជុំជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ឆ្នាំ២០២៤ អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានឱ្យដឹងថា កិច្ចការងារដែលមូលនិធិបាននឹងកំពុងធ្វើនេះ គឺមានសារៈសំខាន់ជាទីបំផុត ដែលយើងមិនគួរមើលរំលង ព្រោះសកម្មភាពមនុស្សធម៌ ក៏ជាចលករមួយ ដែលអាចឱ្យសង្គមមួយរីកចម្រើនបានផងដែរ។

«ជាក់ស្ដែងជនពិការកំប៉ុតដៃទាំងពីរចំនួន ៤នាក់ ក្នុងចំណោមជនពិការកំបុតដៃទាំងពីរ ប្រមាណ ៣១៨នាក់ ដែលធ្លាប់ទទួលបាន និងបន្ដទទួលបាននូវការជួយឧបត្ថម្ភពីមូលនិធិរបស់យើង សព្វថ្ងៃពួកគាត់ខ្លះបានសិក្សារហូតក្លាយជានិស្សិតឆ្នាំទី៣ ទី៤ និងបញ្ចប់ការសិក្សាមានការងារធ្វើលើជំនាញផ្សេងៗ​ ដូចជាអ្នកផលិតរឿងនិទានគំនូរជីវចល២D ជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅតាមសាកលវិទ្យាល័យ ខ្លះបានថវិកាពីមូលនិធិ បានយកទៅបង្កើតមុខរបរ ដូចជាលក់មឹក ចិញ្ចឹមសត្វជាដើម»។នេះតាមបញ្ជាក់បន្ថែមរបស់អ្នកឧកញ៉បណ្ឌិត ជា រតនា ។

អ្នកឧកញ៉ាបណ្ឌិត បានថ្លែងបន្ដថា «ពីមុនពួកគាត់អត់មានមុខរបបនោះទេ តែដល់ពេលយើងជួយគាត់បាន គាត់បានបង្កើតជាមុខរបរ អាចរកប្រាក់ចំណូលបាន អាចចិញ្ចឹមមនុស្សដែលរស់នៅដោយសារគាត់បាន។ លើសពីនោះទៅទៀត គាត់មិនមែនជាបុគ្គលដែលត្រូវឱ្យគេជាបន្ទុកនោះទេ ប៉ុន្ដែគាត់បានក្លាយជាបុគ្គលដែលទទួលបានការធានារ៉ាប់រងគ្រួសារបាន។ ចំណុចមួយផ្សេងទៀត គាត់រស់នៅឯកាម្នាក់ឯង ប៉ុន្ដែនៅពេលដែលមានចំណេះដឹង មានមុខរបរ មានផ្ទះស្នាក់នៅសមរម្យ គឺមានអ្នកស្ម័គ្រចិត្ដ ចូលរួមជីវភាពជាដៃគូជាមួយពួកគាត់ នៅថ្ងៃអនាគត»

បើយើងមើលក្នុងរយៈពេលខ្លី ការជួយនេះមិនអស្ចារ្យនោះទេ តែបើសម្លឹងមើលឱ្យបានវែងឆ្ងាយ ការជួយរបស់យើងជាសប្បុរសជនទាំងអស់នេះ គាត់បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងសង្គមជាតិយើង ក្នុងនោះការបន្ដពូជ គឺគាត់អាចមានកូន ប្រទេសយើងក៏មានកំណើនប្រជាពលរដ្ឋ ហើយកូនគាត់អាចនឹងទទួលខុសត្រូវពេលគាត់ចាស់ជរាទៅ ដែលបានកាត់បន្ថយបន្ទុករបស់រាជរដ្ឋាភិបាលនៅថ្ងៃអនាគត។ នេះក៏ជាការរួមចំណែកជួយកសាងធនធានមនុស្សរបស់កម្ពុជាយើងផងដែរនៅថ្ងៃអនាគត។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងបន្ដថា «បច្ចុប្បន្ន រាជរដ្ឋាភិបាល អាណត្ដិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានយកចិត្ដទុកដាក់ចំពោះធនធានមនុស្សជាចម្បង ដូច្នេះការធ្វើសកម្មភាពមនុស្សធម៌បន្ដិចបន្ដួចរបស់មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ក៏ដូចជាការចូលរួមរបស់ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា និងសប្បុរសជនទាំងអស់ គឺពិតជាមានសារៈសំខាន់ណាស់ ទោះមិនមែនបានផលនៅថ្ងៃនេះក៏ដោយ តែថ្ងៃក្រោយអាចនឹងហុចផលបានមកវិញ។ ម្យ៉ាងវិញទៀតការជួយរបស់យើង គាត់នឹងបានធ្វើការចែករំលែកមកលើយើងវិញ ជាក់ស្ដែងដូចជាខ្សែវីដេអូ អំពីសកម្មភាពរបស់មូលនិធិយើង យកមកបញ្ចាំងផ្សាយជូនអង្គកម្មវិធីនៅពេលនេះ គឺជាសា្នដៃរបស់ពួកគាត់។ ទាំងអស់នេះ គឺជាជាសមិទ្ធផលនៃមូលនិធិរបស់យើង និងការចូលរួមចំណែករបស់សប្បុរសជនទាំងអស់គ្នា»

សូមជម្រាបថា គិតត្រឹមថ្ងៃខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានបង្កើតឡើងមានរយៈពេលជាង ៩ឆ្នាំមកហើយ ដែលបានជួយទៅដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសជាបន្ដបន្ទាប់ ដោយមកទល់នឹងបច្ចុប្បន្ននេះ មានបងប្អូនជនពិការកំបុតដៃទាំងពីរ ដែលបានចុះឈ្មោះនៅក្នុងមូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ចំនួន ២១ខេត្ដក្រុង មានសមាជិកសរុប ៣១៥នាក់ ក្នុងនោះបានទទួលមរណៈភាពចំនួន៧នាក់។ សម្រាប់នៅថ្ងៃនេះ គឺមានសមាជិកថ្មី ចំនួន ៣៨នាក់ ដែលមិនធ្លាប់បានជួបកន្លង។ មូលហេតុដែលពួកគាត់ពិការកំបុតដៃទាំងពីរនេះ គឺ ១៤៥នាក់ បណ្ដាលពីឆក់ខ្សែភ្លើង, ៩២នាក់ ពិការភាពពីកំណើត, ៦៣នាក់ ដោយសារគ្រាប់មីន និងគ្រាប់កាំភ្លើង និង១៥នាក់ទៀត ពិការដោយសារជំងឺ និងគ្រោះថ្នាក់ផ្សេងៗ។

ជាង៩ឆ្នាំមកនេះ មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាច្រើនរយនាក់ គ្មានទីពឹង ប្រែមកជាអ្នកដែលជាទីពឹងនាក់របស់គ្រួសារ និងសង្គមជាតិ ហើយជួយរបស់មូលធិនិ តាមរយៈការផ្ដល់ថវិកាសម្រាប់បណ្ដុះបណ្ដាលការរៀនសូត្រពីកុមារភាព រហូតមានការងារធ្វើ ខ្លះទៀតបានថវិកា ទៅរៀនជំនាញ រហូតឈានទៅបង្កើតមុខរបរផ្ទាល់ខ្លួន ទៅតាមលទ្ធភាពដែលជនពិការកំបុតដៃទាំងពីរអាចធ្វើបាន ដូចជាកសិកម្ម ចិញ្ចឹមគោ ជ្រូ មាន់ ទា និងមុខរបរលក់ដូរផ្សេងទៀត មានលក់មឹកអាំងជាដើម។ ដូច្នេះមូលនិធិខាងលើនេះ គឺបានជួយទាំងការផ្ដួចផ្ដើម ចាប់ដៃឱ្យធ្វើ ឱ្យប្រឹង ហ៊ានរៀនរស់ដោយខ្លួនឯង រហូតដល់ចេញជាផ្លែផ្កាពិតប្រាកដមែន៕