Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ត្រឡប់ដល់រាជធានីភ្នំពេញវិញហើយ! ៣យប់ ៤ថ្ងៃក្នុងខេត្តភាគឦសាន និងពាយព្យ សម្តេចតេជោ ផ្តល់អគារ៥៥ខ្នង ស្មើ៥១៣បន្ទប់ ដើម្បីពង្រឹងធនធានចំណេះដឹង

17-09-2016 16:33

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយនៅម៉ោងជាង ៤ល្ងាចថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានចំណាយពេល ៣យប់ ៤ថ្ងៃ នៅក្នុងខេត្តភូមិភាគឦសាន និង ពាយព្យ រួមមានមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។

ក្នុងដំណើរលើចម្ងាយផ្លូវជាង ១ពាន់គីឡូម៉ែត្រនេះ ក្រៅពីការជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន បានចុះសួរសុខទុក្ខសំណេះសំណាលជាមួយគ្រូៗ និងសិស្សានុសិស្ស និងពិនិត្យស្ថានភាពសិក្សានៅតាមសាលារៀនជាច្រើននៅក្នុងខេត្តទាំង ៥ខាងលើនេះ។

ក្រោយពីបានពិនិត្យជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់អគារសិក្សា អគារស្នាក់នៅ អគារទីចាត់ការ និងអគារពិសោធន៍ផង ដែរសរុបចំនួន ៥៥ខ្នង ស្មើនិង ៥១៣បន្ទប់ ដើម្បីពង្រឹងដល់ការអប់រំនៅកម្ពុជា ជាពិសេសផ្តល់ចំណេះដឹងដល់កុលបុត្រ កុលធីតាខ្មែរ ដែលជាអ្នកបន្តវេណដ៏សំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរីកាលពីព្រឹកព្រលឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ ជាការគត់សម្គាល់ក្នុងដំណើរចុះទៅតាមបណ្តាខេត្តនេះ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ប្រកបដោយក្តីរីករាយ និងយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស៕